1 លោកប៉ូលសម្លឹងមើលទៅក្រុមប្រឹក្សាជាន់ខ្ពស់ ហើយមានប្រសាសន៍ថា៖ «បងប្អូនអើយ ខ្ញុំដឹងថាអំពើដែលខ្ញុំប្រព្រឹត្ត នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ រហូតមកទល់សព្វថ្ងៃនេះ សុទ្ធតែត្រឹមត្រូវទាំងអស់»។
2 លោកមហាបូជាចារ្យ*អណាណាសបង្គាប់ឲ្យអស់អ្នកដែលឈរក្បែរលោកប៉ូល ទះមាត់លោក។
3 លោកប៉ូលមានប្រសាសន៍ទៅលោកមហាបូជាចារ្យថា៖ «នែ៎ កំពែងទ្រុឌទ្រោមលាបពណ៌សអើយ! ព្រះជាម្ចាស់នឹងវាយលោកជាមិនខាន។ លោកអង្គុយកាត់ក្ដីខ្ញុំតាមក្រឹត្យវិន័យ តែលោកបែរជាបង្គាប់ឲ្យគេទះខ្ញុំ ខុសនឹងក្រឹត្យវិន័យទៅវិញ!»។
4 ពួកអ្នកដែលនៅទីនោះពោលថា៖ «អ្នកហ៊ានប្រមាថលោកមហាបូជាចារ្យរបស់ព្រះជាម្ចាស់ផងឬ!»។
5 លោកប៉ូលតបវិញថា៖ «បងប្អូនអើយ ខ្ញុំនិយាយដូច្នេះ មកពីខ្ញុំមិនបានដឹងថាលោកជាមហាបូជាចារ្យទេ ដ្បិតមានចែងទុកក្នុងគម្ពីរថា: “អ្នកមិនត្រូវនិយាយអាក្រក់ពីអ្នកដឹកនាំប្រជាជាតិរបស់អ្នកឡើយ”»។