2 លោកមហាបូជាចារ្យ*អណាណាសបង្គាប់ឲ្យអស់អ្នកដែលឈរក្បែរលោកប៉ូល ទះមាត់លោក។
3 លោកប៉ូលមានប្រសាសន៍ទៅលោកមហាបូជាចារ្យថា៖ «នែ៎ កំពែងទ្រុឌទ្រោមលាបពណ៌សអើយ! ព្រះជាម្ចាស់នឹងវាយលោកជាមិនខាន។ លោកអង្គុយកាត់ក្ដីខ្ញុំតាមក្រឹត្យវិន័យ តែលោកបែរជាបង្គាប់ឲ្យគេទះខ្ញុំ ខុសនឹងក្រឹត្យវិន័យទៅវិញ!»។
4 ពួកអ្នកដែលនៅទីនោះពោលថា៖ «អ្នកហ៊ានប្រមាថលោកមហាបូជាចារ្យរបស់ព្រះជាម្ចាស់ផងឬ!»។
5 លោកប៉ូលតបវិញថា៖ «បងប្អូនអើយ ខ្ញុំនិយាយដូច្នេះ មកពីខ្ញុំមិនបានដឹងថាលោកជាមហាបូជាចារ្យទេ ដ្បិតមានចែងទុកក្នុងគម្ពីរថា: “អ្នកមិនត្រូវនិយាយអាក្រក់ពីអ្នកដឹកនាំប្រជាជាតិរបស់អ្នកឡើយ”»។
6 ដោយលោកប៉ូលជ្រាបថា នៅក្នុងអង្គប្រជុំ មានមួយផ្នែកជាអ្នកខាងគណៈសាឌូស៊ី* និងមួយផ្នែកទៀតខាងគណៈផារីស៊ី* លោកក៏មានប្រសាសន៍ខ្លាំងៗនៅកណ្ដាលក្រុមប្រឹក្សាជាន់ខ្ពស់ថា៖ «បងប្អូនអើយ ខ្ញុំជាអ្នកខាងគណៈផារីស៊ី ហើយឪពុកខ្ញុំក៏ជាអ្នកខាងគណៈផារីស៊ីដែរ។ គេយកខ្ញុំមកកាត់ទោស ព្រោះតែសេចក្ដីសង្ឃឹមរបស់យើងថា មនុស្សស្លាប់នឹងរស់ឡើងវិញ»។
7 លោកប៉ូលមានប្រសាសន៍ដូច្នេះហើយ ពួកខាងគណៈផារីស៊ី* និងពួកខាងគណៈសាឌូស៊ី* ឈ្លោះប្រកែកគ្នាធ្វើឲ្យបាក់បែកអង្គប្រជុំ។
8 ពួកខាងគណៈសាឌូស៊ីពុំជឿថា មនុស្សស្លាប់នឹងរស់ឡើងវិញ និងពុំជឿថា មានទេវតា* ឬមានអារក្សទេ រីឯពួកខាងគណៈផារីស៊ីវិញ គេជឿថាមានទាំងអស់។