កិច្ចការ 23:26-32 KHSV

26 «ខ្ញុំ​បាទ​ឈ្មោះ​ក្លូឌាស លូស៊ា សូម​ជម្រាប​មក​ឯក‌ឧត្ដម​ភេលិច ជា​ទេសា‌ភិបាល សូម​ទាន​ជ្រាប។

27 ជន‌ជាតិ​យូដា​បាន​នាំ​គ្នា​ចាប់​បុរស​នេះ បម្រុង​នឹង​សម្លាប់​ចោល។ កាល​ខ្ញុំ​បាទ​ដឹង​ថា គាត់​ជា​ជន‌ជាតិ​រ៉ូម៉ាំង ខ្ញុំ​បាទ​ឲ្យ​ទាហាន​ទៅ​ធ្វើ​អន្តរា‌គមន៍​រំដោះ​គាត់​មក។

28 ដោយ​ខ្ញុំ​បាទ​ចង់​ដឹង​មូល​ហេតុ​ដែល​នាំ​ឲ្យ​គេ​ចោទ​ប្រកាន់​គាត់ ខ្ញុំ​បាទ​ក៏​នាំ​គាត់​ទៅ​ជួប​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់*​របស់​ពួក​គេ។

29 ខ្ញុំ​បាទ​បាន​ឃើញ​ថា ពួក​គេ​គ្រាន់​តែ​ចោទ​ប្រកាន់​គាត់ អំពី​បញ្ហា​ដែល​ទាក់ទង​ទៅ​នឹង​ធម៌​វិន័យ​របស់​គេ​ប៉ុណ្ណោះ គាត់​មិន​បាន​ធ្វើ​អ្វី​ខុស​ដែល​ត្រូវ​មាន​ទោស​ដល់​ជីវិត ឬ​ត្រូវ​ជាប់​ឃុំ‌ឃាំង​ឡើយ។

30 បន្ទាប់​មក មាន​គេ​ប្រាប់​ខ្ញុំ​បាទ​ថា ជន‌ជាតិ​យូដា​បាន​ឃុប‌ឃិត​គ្នា​ប៉ុន‌ប៉ង​សម្លាប់​គាត់។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​បាទ​បញ្ជូន​គាត់​មក​ឯក‌ឧត្ដម​ភ្លាម ហើយ​ខ្ញុំ​បាទ​បាន​ប្រាប់​អស់​អ្នក​ដែល​ចោទ​ប្រកាន់​គាត់ ឲ្យ​នាំ​ពាក្យ​បណ្ដឹង​មក​ជូន​ឯក‌ឧត្ដម​តែ​ម្ដង»។

31 ពួក​ទាហាន​យក​លោក​ប៉ូល​មក ហើយ​នាំ​ទៅ​ក្រុង​អាន់ទី‌ប៉ាទ្រីស​ទាំង​យប់ តាម​បញ្ជា​ដែល​គេ​បាន​ទទួល។

32 នៅ​ថ្ងៃ​បន្ទាប់ គេ​បាន​វិល​ត្រឡប់​មក​បន្ទាយ​វិញ ដោយ​ទុក​តែ​ពល​សេះ​ឲ្យ​បន្ត​ដំណើរ​ជា​មួយ​លោក​ប៉ូល។