កិច្ចការ 23:5-11 KHSV

5 លោក​ប៉ូល​តប​វិញ​ថា៖ «បង‌ប្អូន​អើយ ខ្ញុំ​និយាយ​ដូច្នេះ មក​ពី​ខ្ញុំ​មិន​បាន​ដឹង​ថា​លោក​ជា​មហា​បូជា‌ចារ្យ​ទេ ដ្បិត​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ថា: “អ្នក​មិន​ត្រូវ​និយាយ​អាក្រក់​ពី​អ្នក​ដឹក​នាំ​ប្រជា‌ជាតិ​របស់​អ្នក​ឡើយ”»។

6 ដោយ​លោក​ប៉ូល​ជ្រាប​ថា នៅ​ក្នុង​អង្គ​ប្រជុំ មាន​មួយ​ផ្នែក​ជា​អ្នក​ខាង​គណៈ‌សាឌូ‌ស៊ី* និង​មួយ​ផ្នែក​ទៀត​ខាង​គណៈ‌ផារីស៊ី* លោក​ក៏​មាន​ប្រសាសន៍​ខ្លាំងៗ​នៅ​កណ្ដាល​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ថា៖ «បង‌ប្អូន​អើយ ខ្ញុំ​ជា​អ្នក​ខាង​គណៈ‌ផារីស៊ី ហើយ​ឪពុក​ខ្ញុំ​ក៏​ជា​អ្នក​ខាង​គណៈ‌ផារីស៊ី​ដែរ។ គេ​យក​ខ្ញុំ​មក​កាត់​ទោស ព្រោះ​តែ​សេចក្ដី​សង្ឃឹម​របស់​យើង​ថា មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ»។

7 លោក​ប៉ូល​មាន​ប្រសាសន៍​ដូច្នេះ​ហើយ ពួក​ខាង​គណៈ‌ផារីស៊ី* និង​ពួក​ខាង​គណៈ‌សាឌូ‌ស៊ី* ឈ្លោះ​ប្រកែក​គ្នា​ធ្វើ​ឲ្យ​បាក់​បែក​អង្គ​ប្រជុំ។

8 ពួក​ខាង​គណៈ‌សាឌូ‌ស៊ី​ពុំ​ជឿ​ថា មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ និង​ពុំ​ជឿ​ថា មាន​ទេវតា* ឬ​មាន​អារក្ស​ទេ រីឯ​ពួក​ខាង​គណៈ‌ផារីស៊ី​វិញ គេ​ជឿ​ថា​មាន​ទាំង​អស់។

9 ពេល​នោះ គេ​នាំ​គ្នា​ស្រែក​ឡើង​យ៉ាង​ទ្រហឹង​អឺង‌អាប់ ហើយ​អាចារ្យ​ខ្លះ​ពី​ខាង​គណៈ‌ផារីស៊ី​ក្រោក​ឡើង​ប្រកែក​តវ៉ា​យ៉ាង​ខ្លាំង​ថា៖ «យើង​ពុំ​ឃើញ​បុរស​នេះ​មាន​កំហុស​អ្វី​ឡើយ ប្រហែល​ជា​មាន​អារក្ស ឬ​ទេវតា*​ណា​មួយ​បាន​និយាយ​មក​កាន់​គាត់​ទេ​មើល​ទៅ!»។

10 ដោយ​ឃើញ​អង្គ​ប្រជុំ​ឈ្លោះ​ប្រកែក​គ្នា​កាន់​តែ​ខ្លាំង​ឡើងៗ លោក​មេ‌បញ្ជា‌ការ​ក៏​បញ្ជា​ឲ្យ​កង​ទាហាន​ចុះ​មក នាំ​លោក​ប៉ូល​ចេញ​ពី​កណ្ដាល​ចំណោម​ពួក​គេ ចូល​ទៅ​ក្នុង​បន្ទាយ ព្រោះ​គាត់​ខ្លាច​គេ​ហែក‌ហួរ​សម្លាប់​លោក។

11 នៅ​យប់​បន្ទាប់ ព្រះ‌អម្ចាស់​យាង​ចូល​មក​ជិត​លោក​ប៉ូល រួច​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ក្លា‌ហាន​ឡើង! អ្នក​ត្រូវ​តែ​ផ្ដល់​សក្ខីភាព​នៅ​ក្រុង​រ៉ូម ដូច​អ្នក​បាន​ផ្ដល់​សក្ខីភាព​អំពី​ខ្ញុំ នៅ​ក្រុង​យេរូ‌សាឡឹម​នេះ​ដែរ»។