6 ដោយលោកប៉ូលជ្រាបថា នៅក្នុងអង្គប្រជុំ មានមួយផ្នែកជាអ្នកខាងគណៈសាឌូស៊ី* និងមួយផ្នែកទៀតខាងគណៈផារីស៊ី* លោកក៏មានប្រសាសន៍ខ្លាំងៗនៅកណ្ដាលក្រុមប្រឹក្សាជាន់ខ្ពស់ថា៖ «បងប្អូនអើយ ខ្ញុំជាអ្នកខាងគណៈផារីស៊ី ហើយឪពុកខ្ញុំក៏ជាអ្នកខាងគណៈផារីស៊ីដែរ។ គេយកខ្ញុំមកកាត់ទោស ព្រោះតែសេចក្ដីសង្ឃឹមរបស់យើងថា មនុស្សស្លាប់នឹងរស់ឡើងវិញ»។
7 លោកប៉ូលមានប្រសាសន៍ដូច្នេះហើយ ពួកខាងគណៈផារីស៊ី* និងពួកខាងគណៈសាឌូស៊ី* ឈ្លោះប្រកែកគ្នាធ្វើឲ្យបាក់បែកអង្គប្រជុំ។
8 ពួកខាងគណៈសាឌូស៊ីពុំជឿថា មនុស្សស្លាប់នឹងរស់ឡើងវិញ និងពុំជឿថា មានទេវតា* ឬមានអារក្សទេ រីឯពួកខាងគណៈផារីស៊ីវិញ គេជឿថាមានទាំងអស់។
9 ពេលនោះ គេនាំគ្នាស្រែកឡើងយ៉ាងទ្រហឹងអឺងអាប់ ហើយអាចារ្យខ្លះពីខាងគណៈផារីស៊ីក្រោកឡើងប្រកែកតវ៉ាយ៉ាងខ្លាំងថា៖ «យើងពុំឃើញបុរសនេះមានកំហុសអ្វីឡើយ ប្រហែលជាមានអារក្ស ឬទេវតា*ណាមួយបាននិយាយមកកាន់គាត់ទេមើលទៅ!»។
10 ដោយឃើញអង្គប្រជុំឈ្លោះប្រកែកគ្នាកាន់តែខ្លាំងឡើងៗ លោកមេបញ្ជាការក៏បញ្ជាឲ្យកងទាហានចុះមក នាំលោកប៉ូលចេញពីកណ្ដាលចំណោមពួកគេ ចូលទៅក្នុងបន្ទាយ ព្រោះគាត់ខ្លាចគេហែកហួរសម្លាប់លោក។
11 នៅយប់បន្ទាប់ ព្រះអម្ចាស់យាងចូលមកជិតលោកប៉ូល រួចមានព្រះបន្ទូលថា៖ «ចូរក្លាហានឡើង! អ្នកត្រូវតែផ្ដល់សក្ខីភាពនៅក្រុងរ៉ូម ដូចអ្នកបានផ្ដល់សក្ខីភាពអំពីខ្ញុំ នៅក្រុងយេរូសាឡឹមនេះដែរ»។
12 នៅថ្ងៃបន្ទាប់មកទៀត ជនជាតិយូដាបានឃុបឃិតគ្នា ហើយស្បថស្បែថានឹងមិនបរិភោគ ឬផឹកអ្វីឡើយ ដរាបណាមិនបានសម្លាប់លោកប៉ូលសិនទេនោះ។