កិច្ចការ 23:9-15 KHSV

9 ពេល​នោះ គេ​នាំ​គ្នា​ស្រែក​ឡើង​យ៉ាង​ទ្រហឹង​អឺង‌អាប់ ហើយ​អាចារ្យ​ខ្លះ​ពី​ខាង​គណៈ‌ផារីស៊ី​ក្រោក​ឡើង​ប្រកែក​តវ៉ា​យ៉ាង​ខ្លាំង​ថា៖ «យើង​ពុំ​ឃើញ​បុរស​នេះ​មាន​កំហុស​អ្វី​ឡើយ ប្រហែល​ជា​មាន​អារក្ស ឬ​ទេវតា*​ណា​មួយ​បាន​និយាយ​មក​កាន់​គាត់​ទេ​មើល​ទៅ!»។

10 ដោយ​ឃើញ​អង្គ​ប្រជុំ​ឈ្លោះ​ប្រកែក​គ្នា​កាន់​តែ​ខ្លាំង​ឡើងៗ លោក​មេ‌បញ្ជា‌ការ​ក៏​បញ្ជា​ឲ្យ​កង​ទាហាន​ចុះ​មក នាំ​លោក​ប៉ូល​ចេញ​ពី​កណ្ដាល​ចំណោម​ពួក​គេ ចូល​ទៅ​ក្នុង​បន្ទាយ ព្រោះ​គាត់​ខ្លាច​គេ​ហែក‌ហួរ​សម្លាប់​លោក។

11 នៅ​យប់​បន្ទាប់ ព្រះ‌អម្ចាស់​យាង​ចូល​មក​ជិត​លោក​ប៉ូល រួច​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ក្លា‌ហាន​ឡើង! អ្នក​ត្រូវ​តែ​ផ្ដល់​សក្ខីភាព​នៅ​ក្រុង​រ៉ូម ដូច​អ្នក​បាន​ផ្ដល់​សក្ខីភាព​អំពី​ខ្ញុំ នៅ​ក្រុង​យេរូ‌សាឡឹម​នេះ​ដែរ»។

12 នៅ​ថ្ងៃ​បន្ទាប់​មក​ទៀត ជន‌ជាតិ​យូដា​បាន​ឃុប‌ឃិត​គ្នា ហើយ​ស្បថ‌ស្បែ​ថា​នឹង​មិន​បរិភោគ ឬ​ផឹក​អ្វី​ឡើយ ដរាប​ណា​មិន​បាន​សម្លាប់​លោក​ប៉ូល​សិន​ទេ​នោះ។

13 អស់​អ្នក​ដែល​បាន​ឃុប‌ឃិត​គ្នា​នេះ មាន​ចំនួន​ជាង​សែ‌សិប​នាក់។

14 គេ​បាន​នាំ​គ្នា​ទៅ​ជួប​ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​ព្រឹទ្ធា‌ចារ្យ*​ជម្រាប​ថា៖ «យើង​ខ្ញុំ​បាន​ស្បថ‌ស្បែ​ថា​នឹង​មិន​ប៉ះ‌ពាល់​ម្ហូប​អាហារ​អ្វី​ឡើយ ដរាប​ណា​មិន​បាន​សម្លាប់​ប៉ូល​សិន​ទេ​នោះ។

15 ចំណែក​ខាង​អស់​លោក សូម​ចុះ​សំរុង​ជា​មួយ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ ឥឡូវ​នេះ​ទៅ ហើយ​សុំ​ឲ្យ​លោក​មេ‌បញ្ជា‌ការ​នាំ​ប៉ូល​មក ធ្វើ​ហាក់​ដូច​ជា​អស់​លោក​ចង់​ពិនិត្យ‌ពិច័យ​មើល​សំណុំ​រឿង​របស់​គាត់ ឲ្យ​បាន​ដិត​ដល់​ថែម​ទៀត។ រីឯ​យើង​ខ្ញុំ​វិញ យើង​ខ្ញុំ​បាន​ប្រុង​ប្រៀប​ខ្លួន​រួច​ស្រេច​ហើយ ដើម្បី​សម្លាប់​គាត់​មុន​នឹង​គាត់​មក​ជិត​ដល់»។