23 លោកបញ្ជាឲ្យគេយកលោកប៉ូលទៅឃុំ តែលោកទុកឲ្យលោកប៉ូល មានសេរីភាពខ្លះៗដែរ ព្រមទាំងបើកឲ្យអ្នកជិតដិតនឹងលោកប៉ូលចូលទៅជួយទំនុកបម្រុងលោកថែមទៀតផង។
24 ប៉ុន្មានថ្ងៃកន្លងមកទៀត លោកភេលិចបានមកជាមួយភរិយារបស់លោក គឺម្ចាស់ក្សត្រីយ៍ទ្រូស៊ីលជាជនជាតិយូដា លោកឲ្យគេទៅហៅលោកប៉ូលមក ហើយស្ដាប់លោកប៉ូលមានប្រសាសន៍អំពីជំនឿលើព្រះគ្រិស្ដយេស៊ូ។
25 ប៉ុន្តែ កាលលោកប៉ូលវែកញែកអំពីសេចក្ដីសុចរិត* អំពីការទប់ចិត្តនឹងតណ្ហា និងអំពីការវិនិច្ឆ័យទោសនៅអនាគតកាល លោកភេលិចក៏ភ័យ ហើយពោលទៅលោកប៉ូលថា៖ «ឥឡូវនេះ ចូរអ្នកត្រឡប់ទៅវិញសិនចុះ កាលណាខ្ញុំមានពេល ខ្ញុំនឹងហៅអ្នកមកទៀត!»។
26 លោកភេលិចសង្ឃឹមថានឹងបានទទួលប្រាក់ពីលោកប៉ូល ហេតុនេះហើយបានជាលោកចាត់គេឲ្យទៅហៅលោកប៉ូល មកសន្ទនាជាមួយជារឿយៗ។
27 ពីរឆ្នាំក្រោយមក លោកពរគាស-ភេស្ទុស ចូលកាន់តំណែងជំនួសលោកភេលិច។ ដោយលោកភេលិចចង់យកចិត្តសាសន៍យូដា លោកបានទុកលោកប៉ូលឲ្យនៅជាប់ឃុំឃាំងដដែល។