10 លោកប៉ូលតបថា៖ «ខ្ញុំបាទឈរនៅមុខតុលាការរបស់ព្រះចៅអធិរាជដូច្នេះ គឺទីនេះហើយដែលឯកឧត្ដមត្រូវកាត់ក្ដីឲ្យខ្ញុំបាទ។ ខ្ញុំបាទពុំបានធ្វើអ្វីខុសនឹងសាសន៍យូដាទេ ដូចឯកឧត្ដមជ្រាបច្បាស់ហើយ។
11 ប្រសិនបើខ្ញុំបាទមានទោសអ្វី ឬបានប្រព្រឹត្តអ្វីខុស សមនឹងមានទោសដល់ជីវិតនោះ ខ្ញុំបាទមិនរួញរានឹងស្លាប់ទេ។ ប៉ុន្តែ ប្រសិនបើពាក្យដែលលោកទាំងនេះចោទខ្ញុំបាទមិនពិតទេ គ្មាននរណាម្នាក់មានសិទ្ធិប្រគល់ខ្ញុំបាទទៅឲ្យគេឡើយ។ ខ្ញុំបាទសូមឡើងទៅព្រះចៅអធិរាជវិញ»។
12 លោកភេស្ទុសពិភាក្សាជាមួយក្រុមប្រឹក្សា ហើយមានប្រសាសន៍ថា៖ «អ្នកបានសុំឡើងទៅព្រះចៅអធិរាជ ដូច្នេះ អ្នកនឹងទៅជួបព្រះចៅអធិរាជ!»។
13 ប៉ុន្មានថ្ងៃក្រោយមកទៀត ព្រះបាទអគ្រីប៉ា និងម្ចាស់ក្សត្រីយ៍បេរេនីស យាងមកដល់ក្រុងសេសារា ដើម្បីសួរសុខទុក្ខលោកភេស្ទុស។
14 ដោយស្ដេចគង់នៅទីនោះជាច្រើនថ្ងៃ លោកភេស្ទុសក៏ទូលស្ដេចពីរឿងលោកប៉ូលថា៖ «លោកភេលិចបានទុកបុរសម្នាក់ នៅក្នុងទីឃុំឃាំង។
15 កាលទូលបង្គំទៅក្រុងយេរូសាឡឹម ពួកនាយកបូជាចារ្យ* និងពួកព្រឹទ្ធាចារ្យ*នៃសាសន៍យូដាបាននាំគ្នាប្ដឹងពីគាត់ ដោយសុំឲ្យទូលបង្គំកាត់ទោសគាត់។
16 ទូលបង្គំបានប្រាប់លោកទាំងនោះវិញថា ជនជាតិរ៉ូម៉ាំងពុំធ្លាប់បញ្ជូននរណាម្នាក់ទៅឲ្យគេសម្លាប់ ដោយមិនបានឲ្យនិយាយតទល់ជាមួយអ្នកដើមចោទ ព្រមទាំងឆ្លើយការពារខ្លួនចំពោះពាក្យចោទជាមុនសិននោះឡើយ។