19 គឺមានតែជជែកវែកញែកអំពីរឿងសាសនារបស់គេ និងអំពីបុរសម្នាក់ឈ្មោះយេស៊ូ ដែលបានស្លាប់ ហើយលោកប៉ូលថា នៅមានជីវិតរស់នោះតែប៉ុណ្ណោះ។
20 ចំណែកឯទូលបង្គំវិញ ទូលបង្គំមិនដឹងជាត្រូវគិតដូចម្ដេច ចំពោះការជជែកវែកញែកបែបនេះ ទូលបង្គំបានសួរគាត់ថា ចង់ទៅក្រុងយេរូសាឡឹម ឲ្យគេកាត់ក្ដីអំពីរឿងទាំងនេះឬទេ
21 តែលោកប៉ូលបានសុំឡើងទៅព្រះមហាក្សត្រាធិរាជ ដើម្បីសុំឲ្យព្រះអង្គកាត់ក្ដី។ ទូលបង្គំចេញបញ្ជាឲ្យគេឃុំគាត់ទុក រហូតដល់ពេលទូលបង្គំនឹងបញ្ជូនគាត់ទៅព្រះចៅអធិរាជ»។
22 ព្រះបាទអគ្រីប៉ាមានរាជឱង្ការទៅលោកភេស្ទុសថា៖ «ខ្ញុំក៏ចង់ស្ដាប់បុរសនោះនិយាយដែរ»។ លោកតបវិញថា៖ «ព្រះករុណាអាចស្ដាប់គាត់នៅថ្ងៃស្អែក»។
23 លុះស្អែកឡើង ព្រះបាទអគ្រីប៉ា និងម្ចាស់ក្សត្រីយ៍បេរេនីស បានយាងចូលក្នុងសាលសវនាការយ៉ាងអធិកអធម ដោយមានពួកនាយទាហានជាន់ខ្ពស់ និងពួកនាម៉ឺនធំៗនៅក្រុងនោះ ហែហមមកជាមួយផង។ គេនាំលោកប៉ូលមកតាមបញ្ជារបស់លោកភេស្ទុស។
24 លោកភេស្ទុសមានប្រសាសន៍ថា៖ «សូមទូលព្រះរាជា និងជម្រាបអស់លោក ដែលនៅទីនេះ។ បុរសដែលព្រះរាជា និងអស់លោកឃើញនេះ ជាអ្នកដែលជនជាតិយូដាទាំងមូល ទាំងនៅក្រុងយេរូសាឡឹម ទាំងនៅក្រុងនេះ បាននាំគ្នាមកជួបខ្ញុំ ហើយស្រែកថា គាត់មិនត្រូវរស់តទៅទៀតទេ។
25 ចំពោះខ្ញុំវិញ ខ្ញុំយល់ឃើញថាគាត់ពុំបានប្រព្រឹត្តអ្វីខុស ដែលត្រូវមានទោសដល់ជីវិតនោះឡើយ ប៉ុន្តែ ដោយខ្លួនគាត់ផ្ទាល់បានសុំឡើងទៅព្រះចៅអធិរាជ ខ្ញុំក៏សម្រេចចិត្តបញ្ជូនគាត់ទៅព្រះអង្គ។