2 ពួកនាយកបូជាចារ្យ* និងពួកអ្នកធំនៃជនជាតិយូដាបាននាំគ្នាទៅជួបលោក ដើម្បីប្ដឹងពីលោកប៉ូល។
3 ពួកគេបានទទូចសុំឲ្យលោកភេស្ទុសមេត្តាអនុគ្រោះបញ្ជូនលោកប៉ូលមកក្រុងយេរូសាឡឹម ព្រោះពួកគេបានឃុបឃិតគ្នាថានឹងពួនស្ទាក់ ចាំសម្លាប់លោកតាមផ្លូវ។
4 ប៉ុន្តែ លោកភេស្ទុសតបទៅវិញថា លោកប៉ូលជាប់ឃុំឃាំងនៅក្រុងសេសារាឯណោះ រីឯខ្លួនលោកផ្ទាល់ លោកក៏ត្រូវត្រឡប់ទៅវិញ ក្នុងពេលបន្តិចទៀតដែរ។
5 លោកមានប្រសាសន៍ថា៖ «សុំឲ្យអ្នកដែលមានសមត្ថភាពក្នុងចំណោមអស់លោក អញ្ជើញទៅជាមួយខ្ញុំ ហើយបើឃើញថា បុរសនោះមានកំហុសអ្វី សុំចោទប្រកាន់គាត់ទៅ»។
6 លោកភេស្ទុសស្នាក់នៅជាមួយពួកគេ បួនដប់ថ្ងៃប៉ុណ្ណោះ រួចលោកចុះទៅក្រុងសេសារាវិញ។ នៅថ្ងៃបន្ទាប់ លោកបានអង្គុយនៅទីកាត់ក្ដី ហើយបង្គាប់ឲ្យគេនាំលោកប៉ូលមក។
7 ពេលលោកប៉ូលមកដល់ ជនជាតិយូដាដែលមកពីក្រុងយេរូសាឡឹម បាននាំគ្នាចោមរោមលោក ហើយចោទប្រកាន់យ៉ាងធ្ងន់ៗជាច្រើន តែគេពុំអាចបង្ហាញភស្ដុតាងអ្វីបានទេ។
8 លោកប៉ូលមានប្រសាសន៍ការពារខ្លួនថា៖ «ខ្ញុំពុំបានប្រព្រឹត្តអ្វីខុសនឹងវិន័យរបស់សាសន៍យូដា ខុសនឹងព្រះវិហារ ឬក៏ខុសនឹងព្រះចៅអធិរាជឡើយ»។