កិច្ចការ 25:23-27 KHSV

23 លុះ​ស្អែក​ឡើង ព្រះ‌បាទ​អគ្រី‌ប៉ា និង​ម្ចាស់‌ក្សត្រីយ៍​បេរេ‌នីស បាន​យាង​ចូល​ក្នុង​សាល‌សវនា‌ការ​យ៉ាង​អធិក‌អធម ដោយ​មាន​ពួក​នាយ​ទាហាន​ជាន់​ខ្ពស់ និង​ពួក​នាម៉ឺន​ធំៗ​នៅ​ក្រុង​នោះ ហែ‌ហម​មក​ជា​មួយ​ផង។ គេ​នាំ​លោក​ប៉ូល​មក​តាម​បញ្ជា​របស់​លោក​ភេស្ទុស។

24 លោក​ភេស្ទុស​មាន​ប្រសាសន៍​ថា៖ «សូម​ទូល​ព្រះ‌រាជា និង​ជម្រាប​អស់​លោក ដែល​នៅ​ទី​នេះ។ បុរស​ដែល​ព្រះ‌រាជា និង​អស់​លោក​ឃើញ​នេះ ជា​អ្នក​ដែល​ជន‌ជាតិ​យូដា​ទាំង​មូល ទាំង​នៅ​ក្រុង​យេរូ‌សាឡឹម ទាំង​នៅ​ក្រុង​នេះ បាន​នាំ​គ្នា​មក​ជួប​ខ្ញុំ ហើយ​ស្រែក​ថា គាត់​មិន​ត្រូវ​រស់​ត​ទៅ​ទៀត​ទេ។

25 ចំពោះ​ខ្ញុំ​វិញ ខ្ញុំ​យល់​ឃើញ​ថា​គាត់​ពុំ​បាន​ប្រព្រឹត្ត​អ្វី​ខុស ដែល​ត្រូវ​មាន​ទោស​ដល់​ជីវិត​នោះ​ឡើយ ប៉ុន្តែ ដោយ​ខ្លួន​គាត់​ផ្ទាល់​បាន​សុំ​ឡើង​ទៅ​ព្រះចៅ​អធិ‌រាជ ខ្ញុំ​ក៏​សម្រេច​ចិត្ត​បញ្ជូន​គាត់​ទៅ​ព្រះ‌អង្គ។

26 ខ្ញុំ​គ្មាន​មូល​ហេតុ​អ្វី​ច្បាស់​លាស់ ដើម្បី​សរសេរ​សេចក្ដី​រាយ‌ការណ៍​ថ្វាយ​ព្រះ‌មហា‌ក្សត្រា‌ធិរាជ អំពី​សំណុំ​រឿង​គាត់​ទាល់​តែ​សោះ។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ឲ្យ​គេ​នាំ​គាត់​មក​ជួប​អស់​លោក ជា​ពិសេស ជួប​ព្រះ​ករុណា​ផ្ទាល់។ ដូច្នេះ នៅ​ពេល​សួរ​ចម្លើយ​គាត់​រួច ខ្ញុំ​នឹង​មាន​មូល​ហេតុ សរសេរ​សេចក្ដី​រាយ‌ការណ៍​បាន។

27 ខ្ញុំ​យល់​ឃើញ​ថា បើ​បញ្ជូន​អ្នក​ទោស ដោយ​មិន​បញ្ជាក់​អំពី​ពាក្យ​ចោទ​ទៅ​ជា​មួយ​ផង​ទេ​នោះ ដូច​ជា​គ្មាន​ន័យ​អ្វី​សោះ​ឡើយ»។