កិច្ចការ 25:9-15 KHSV

9 ដោយ​លោក​ភេស្ទុស​ចង់​យក​ចិត្ត​ជន‌ជាតិ​យូដា លោក​មាន​ប្រសាសន៍​មក​កាន់​លោក​ប៉ូល​ថា៖ «តើ​អ្នក​ចង់​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម ឲ្យ​គេ​កាត់​ក្ដី​អ្នក​អំពី​រឿង​ទាំង​នេះ​នៅ​ចំពោះ​មុខ​ខ្ញុំ​ឬ​ទេ?»។

10 លោក​ប៉ូល​តប​ថា៖ «ខ្ញុំ​បាទ​ឈរ​នៅ​មុខ​តុលាការ​របស់​ព្រះចៅ​អធិ‌រាជ​ដូច្នេះ គឺ​ទី​នេះ​ហើយ​ដែល​ឯក‌ឧត្ដម​ត្រូវ​កាត់​ក្ដី​ឲ្យ​ខ្ញុំ​បាទ។ ខ្ញុំ​បាទ​ពុំ​បាន​ធ្វើ​អ្វី​ខុស​នឹង​សាសន៍​យូដា​ទេ ដូច​ឯក‌ឧត្ដម​ជ្រាប​ច្បាស់​ហើយ។

11 ប្រសិន​បើ​ខ្ញុំ​បាទ​មាន​ទោស​អ្វី ឬ​បាន​ប្រព្រឹត្ត​អ្វី​ខុស សម​នឹង​មាន​ទោស​ដល់​ជីវិត​នោះ ខ្ញុំ​បាទ​មិន​រួញ‌រា​នឹង​ស្លាប់​ទេ។ ប៉ុន្តែ ប្រសិន​បើ​ពាក្យ​ដែល​លោក​ទាំង​នេះ​ចោទ​ខ្ញុំ​បាទ​មិន​ពិត​ទេ គ្មាន​នរណា​ម្នាក់​មាន​សិទ្ធិ​ប្រគល់​ខ្ញុំ​បាទ​ទៅ​ឲ្យ​គេ​ឡើយ។ ខ្ញុំ​បាទ​សូម​ឡើង​ទៅ​ព្រះចៅ​អធិ‌រាជ​វិញ»។

12 លោក​ភេស្ទុស​ពិភាក្សា​ជា​មួយ​ក្រុម​ប្រឹក្សា ហើយ​មាន​ប្រសាសន៍​ថា៖ «អ្នក​បាន​សុំ​ឡើង​ទៅ​ព្រះចៅ​អធិ‌រាជ ដូច្នេះ អ្នក​នឹង​ទៅ​ជួប​ព្រះចៅ​អធិ‌រាជ!»។

13 ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ទៀត ព្រះ‌បាទ​អគ្រី‌ប៉ា និង​ម្ចាស់​ក្សត្រីយ៍​បេរេ‌នីស យាង​មក​ដល់​ក្រុង​សេសារា ដើម្បី​សួរ​សុខ​ទុក្ខ​លោក​ភេស្ទុស។

14 ដោយ​ស្ដេច​គង់​នៅ​ទី​នោះ​ជា​ច្រើន​ថ្ងៃ លោក​ភេស្ទុស​ក៏​ទូល​ស្ដេច​ពី​រឿង​លោក​ប៉ូល​ថា៖ «លោក​ភេលិច​បាន​ទុក​បុរស​ម្នាក់ នៅ​ក្នុង​ទី​ឃុំ‌ឃាំង។

15 កាល​ទូលបង្គំ​ទៅ​ក្រុង​យេរូ‌សាឡឹម ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​ព្រឹទ្ធា‌ចារ្យ*​នៃ​សាសន៍​យូដា​បាន​នាំ​គ្នា​ប្ដឹង​ពី​គាត់ ដោយ​សុំ​ឲ្យ​ទូលបង្គំ​កាត់​ទោស​គាត់។