14 ពេលនោះ យើងខ្ញុំដួលទាំងអស់គ្នា ហើយទូលបង្គំបានឮសំឡេងពោលមកកាន់ទូលបង្គំជាភាសាហេប្រឺថា “សូល សូលអើយ! ហេតុដូចម្ដេចបានជាអ្នកបៀតបៀនខ្ញុំ? អ្នកខំប្រឹងតយុទ្ធនឹងខ្ញុំ ដូចគោជល់នឹងជន្លួញដូច្នេះមិនកើតទេ”។
15 ទូលបង្គំបានតបទៅវិញថា “លោកម្ចាស់អើយ តើលោកជានរណា?”។ ព្រះអម្ចាស់មានព្រះបន្ទូលមកទូលបង្គំវិញថា “ខ្ញុំជាយេស៊ូដែលអ្នកកំពុងតែបៀតបៀន។
16 ចូរក្រោកឈរឡើង ខ្ញុំបង្ហាញខ្លួនឲ្យអ្នកឃើញ មកពីខ្ញុំបានជ្រើសរើសអ្នកឲ្យបម្រើ ព្រមទាំងធ្វើជាបន្ទាល់អំពីហេតុការណ៍ដែលខ្ញុំបង្ហាញឲ្យអ្នកឃើញ នៅពេលនេះ និងហេតុការណ៍ឯទៀតៗ ដែលខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញនៅពេលខាងមុខ។
17 ខ្ញុំបានរំដោះអ្នកឲ្យរួចពីសាសន៍អ៊ីស្រាអែល និងសាសន៍ដទៃ។ ខ្ញុំចាត់អ្នកឲ្យទៅរកសាសន៍ទាំងនោះ
18 ដើម្បីបើកភ្នែកគេឲ្យភ្លឺ ឲ្យគេងាកចេញពីសេចក្ដីងងឹតបែរមករកពន្លឺ និងងាកចេញពីអំណាចរបស់មារ*សាតាំង បែរមករកព្រះជាម្ចាស់វិញ ព្រមទាំងទទួលការអត់ទោសឲ្យរួចពីបាប និងទទួលមត៌ករួមជាមួយអស់អ្នកដែលព្រះជាម្ចាស់ប្រោសឲ្យបានវិសុទ្ធ ដោយមានជំនឿលើខ្ញុំ”។
19 បពិត្រព្រះរាជា ទូលបង្គំពុំបានជំទាស់នឹងការអស្ចារ្យដែលទូលបង្គំនិមិត្តឃើញនោះឡើយ។
20 ទូលបង្គំបានប្រាប់ប្រជាជននៅក្រុងដាម៉ាសមុនគេបង្អស់ បន្ទាប់មក ប្រាប់ប្រជាជននៅក្រុងយេរូសាឡឹមនៅស្រុកយូដាទាំងមូល ហើយប្រាប់សាសន៍ដទៃឲ្យកែប្រែចិត្តគំនិត និងបែរមករកព្រះជាម្ចាស់ ដោយប្រព្រឹត្តអំពើផ្សេងៗបញ្ជាក់ថា គេពិតជាកែប្រែចិត្តគំនិតមែន។