21 មកពីហេតុនេះហើយបានជាសាសន៍យូដានាំគ្នាចាប់ទូលបង្គំនៅក្នុងព្រះវិហារ* ព្រមទាំងប៉ុនប៉ងប្រហារជីវិតទូលបង្គំផង។
22 ប៉ុន្តែ ដោយព្រះជាម្ចាស់ការពារទូលបង្គំរហូតមកទល់ថ្ងៃនេះ បានជាទូលបង្គំនៅតែផ្ដល់សក្ខីភាពអំពីព្រះអង្គ នៅចំពោះមុខអ្នកតូចអ្នកធំ។ ទូលបង្គំពុំបាននិយាយអ្វីក្រៅពីសេចក្ដីដែលពួកព្យាការី* និងលោកម៉ូសេ បានថ្លែងទុកអំពីហេតុការណ៍ដែលត្រូវតែកើតមាននោះឡើយ
23 ពោលគឺព្រះគ្រិស្ដ*បានរងទុក្ខលំបាក ហើយមានព្រះជន្មរស់ឡើងវិញមុនគេបង្អស់ ទ្រង់នឹងប្រទានដំណឹងអំពីពន្លឺនៃការសង្គ្រោះ ប្រាប់សាសន៍អ៊ីស្រាអែល និងសាសន៍ដទៃ»។
24 កាលលោកប៉ូលកំពុងមានប្រសាសន៍ការពារខ្លួនដូច្នេះ លោកភេស្ទុសក៏បន្លឺសំឡេងឡើងយ៉ាងខ្លាំងថា៖ «ប៉ូលអើយ អ្នកវង្វេងស្មារតីហើយ! គឺអ្នករៀនសូត្រច្រើនពេក បានជាត្រឡប់ទៅជាវង្វេងស្មារតីដូច្នេះ!»។
25 លោកប៉ូលតបវិញថា៖ «សូមជម្រាបឯកឧត្ដមភេស្ទុស ខ្ញុំបាទមិនមែនវង្វេងស្មារតីទេ ផ្ទុយទៅវិញ ខ្ញុំបាទនិយាយតែពាក្យពិត មានន័យត្រឹមត្រូវ។
26 ព្រះរាជាក៏ជ្រាបអំពីហេតុការណ៍ទាំងនេះរួចស្រេចទៅហើយដែរ ខ្ញុំបាទហ៊ាននិយាយនៅចំពោះមុខព្រះអង្គ ដោយឥតភ័យខ្លាចឡើយ ដ្បិតខ្ញុំបាទជឿជាក់ថា ព្រះរាជាជ្រាបទាំងអស់ ព្រោះហេតុការណ៍នេះមិនមែនកើតឡើងស្ងាត់ៗ នៅកៀនកោះណាមួយនោះទេ។
27 បពិត្រព្រះរាជា តើព្រះអង្គជឿពួកព្យាការីឬទេ? ទូលបង្គំដឹងថាព្រះអង្គពិតជាជឿមែន!»។