8 ចុះហេតុដូចម្ដេចបានជាអស់ លោកយល់ថា ការដែលព្រះជាម្ចាស់ប្រោសមនុស្សស្លាប់ ឲ្យរស់ឡើងវិញ ជាការមួយមិនគួរឲ្យជឿដូច្នេះ!
9 ចំណែកឯទូលបង្គំផ្ទាល់ ពីដើម ទូលបង្គំយល់ឃើញថា ត្រូវតែប្រឆាំងនឹងព្រះនាមព្រះយេស៊ូ ជាអ្នកភូមិណាសារ៉ែតគ្រប់យ៉ាងទាំងអស់
10 ហើយទូលបង្គំបានប្រព្រឹត្តដូច្នេះ នៅក្រុងយេរូសាឡឹមមែន គឺទូលបង្គំបានទទួលច្បាប់អនុញ្ញាតពីក្រុមនាយកបូជាចារ្យ* ដើម្បីចាប់អស់អ្នកដែលជឿលើព្រះអម្ចាស់ជាច្រើននាក់យកទៅឃុំឃាំង។ នៅពេលគេសម្លាប់អ្នកទាំងនោះ ទូលបង្គំក៏យល់ស្របជាមួយដែរ។
11 ទូលបង្គំតែងចូលទៅក្នុងសាលាប្រជុំ*នានាជាញឹកញាប់ ដើម្បីធ្វើទុក្ខទោសអ្នកទាំងនោះ បង្ខំឲ្យគេលះបង់ចោលជំនឿរបស់ខ្លួន។ ទូលបង្គំខឹងគេជាខ្លាំងពន់ពេក រហូតដល់ទៅតាមបៀតបៀនគេក្នុងក្រុងនានា នៅបរទេសផង។
12 ហេតុនេះហើយបានជាទូលបង្គំធ្វើដំណើរទៅក្រុងដាម៉ាស ទាំងទទួលអំណាច និងការអនុញ្ញាតពីក្រុមនាយកបូជាចារ្យ។
13 បពិត្រព្រះរាជា នៅតាមផ្លូវ ប្រមាណជាថ្ងៃត្រង់ ទូលបង្គំបានឃើញពន្លឺមួយភ្លឺជាងពន្លឺថ្ងៃទៅទៀត ចាំងពីលើមេឃមកលើទូលបង្គំ និងលើអ្នកដែលរួមដំណើរជាមួយទូលបង្គំ។
14 ពេលនោះ យើងខ្ញុំដួលទាំងអស់គ្នា ហើយទូលបង្គំបានឮសំឡេងពោលមកកាន់ទូលបង្គំជាភាសាហេប្រឺថា “សូល សូលអើយ! ហេតុដូចម្ដេចបានជាអ្នកបៀតបៀនខ្ញុំ? អ្នកខំប្រឹងតយុទ្ធនឹងខ្ញុំ ដូចគោជល់នឹងជន្លួញដូច្នេះមិនកើតទេ”។