17 បន្ទាប់មក យើងយកខ្សែពួរសម្រាប់ប្រើនៅគ្រាមានអាសន្ន មកចងព័ទ្ធជុំវិញសំពៅ ការពារកុំឲ្យធ្លាយ។ យើងក៏បានទម្លាក់ឈើបណ្ដែតចុះដែរ ក្រែងលោសំពៅទៅកឿងនៅឈូងសមុទ្រសៀរទីស រួចហើយទុកឲ្យសំពៅរសាត់ទៅតាមខ្យល់។
18 នៅថ្ងៃបន្ទាប់ ដោយខ្យល់ព្យុះបក់បោកមកខ្លាំងពេក គេបានទម្លាក់ទំនិញចោល។
19 នៅថ្ងៃទីបី សូម្បីតែពួកអ្នកសំពៅ ក៏បោះគ្រឿងប្រដាប់សំពៅចោលដែរ។
20 យើងមើលថ្ងៃ ឬផ្កាយមិនឃើញអស់រយៈពេលជាច្រើនថ្ងៃ ហើយដោយខ្យល់ព្យុះនៅតែមានសន្ទុះខ្លាំងដដែល នៅទីបំផុត យើងក៏លែងមានសង្ឃឹមថានឹងបានរួចជីវិត។
21 យើងពុំបានបរិភោគអ្វីជាយូរថ្ងៃមកហើយ។ លោកប៉ូលក៏ក្រោកឈរ នៅកណ្ដាលចំណោមអស់អ្នកដែលនៅក្នុងសំពៅ ហើយមានប្រសាសន៍ថា៖ «បើបងប្អូនស្ដាប់ខ្ញុំ ហើយមិនចាកចេញពីកោះក្រែតមកទេនោះ បងប្អូនពិតជាមិនត្រូវអន្តរាយខូចខាតដូច្នេះទេ។
22 ប៉ុន្តែ សូមបងប្អូនកុំអស់សង្ឃឹមអី! គ្មាននរណាម្នាក់ក្នុងចំណោមបងប្អូនត្រូវបាត់បង់ជីវិតឡើយ គឺមានតែសំពៅប៉ុណ្ណោះទេដែលត្រូវអន្តរាយ។
23 ព្រោះពីយប់មិញ មានទេវតា*របស់ព្រះជាម្ចាស់ ដែលខ្ញុំជឿ និងគោរពបម្រើ បានមកជិតខ្ញុំ