23 ព្រោះពីយប់មិញ មានទេវតា*របស់ព្រះជាម្ចាស់ ដែលខ្ញុំជឿ និងគោរពបម្រើ បានមកជិតខ្ញុំ
24 ប្រាប់ថា “ប៉ូលអើយ កុំខ្លាចអី ដ្បិតអ្នកត្រូវតែបានទៅឈរនៅមុខព្រះចៅអធិរាជ ហើយដោយព្រះជាម្ចាស់ប្រោសប្រណីអ្នក ព្រះអង្គនឹងសង្គ្រោះអស់អ្នកដែលរួមដំណើរជាមួយអ្នក ឲ្យបានរួចជីវិតផងដែរ”។
25 ហេតុនេះ បងប្អូនអើយ ចូរមានចិត្តក្លាហានឡើង ដ្បិតខ្ញុំជឿទុកចិត្តលើព្រះជាម្ចាស់ថា នឹងបានសម្រេចដូចព្រះអង្គមានព្រះបន្ទូលមែន
26 គឺសំពៅយើងនឹងត្រូវទៅកឿង នៅកោះណាមួយជាមិនខាន»។
27 សំពៅយើងបានរសាត់អណ្ដែតលើផ្ទៃសមុទ្រអាឌ្រា អស់រយៈពេលដប់បួនថ្ងៃមកហើយ។ ពេលនោះ ប្រមាណជាពាក់កណ្ដាលអធ្រាត្រ ពួកអ្នកសំពៅនឹកសង្ស័យថា ប្រហែលជាមកជិតដល់ដីគោកហើយ។
28 គេបោះខ្សែសម្ទង់ទៅក្នុងទឹកឃើញថាមានជម្រៅ សាមសិបប្រាំពីរម៉ែត្រ។ លុះទៅមុខបន្តិច គេបោះខ្សែសម្ទង់ទៅក្នុងទឹកម្ដងទៀត ឃើញថា មានជម្រៅ ម្ភៃប្រាំបីម៉ែត្រ។
29 ដោយខ្លាចក្រែងសំពៅរសាត់ទៅប៉ះនឹងថ្ម ពួកគេទម្លាក់យុថ្កាបួន នៅខាងកន្សៃ ហើយទន្ទឹងរង់ចាំភ្លឺ។