6 នៅក្រុងនោះ លោកនាយទាហានរកបានសំពៅមួយ មកពីស្រុកអលេក្សានទ្រា ហើយត្រូវចេញទៅស្រុកអ៊ីតាលី គាត់ក៏នាំយើងចុះសំពៅនោះ។
7 សំពៅទៅមុខសន្សឹមៗអស់រយៈពេលជាច្រើនថ្ងៃ ហើយបានមកដល់ទន្ទឹមនឹងក្រុងគ្នីដូស ទាំងលំបាកបំផុត។ ដោយខ្យល់បក់មកពីមុខ យើងក៏បត់សំពៅទៅរកជ្រោយសាលម៉ូន សសៀរតាមបណ្ដោយកោះក្រែតវិញ។
8 យើងបន្តដំណើរយ៉ាងលំបាក តាមបណ្ដោយកោះនោះ ហើយក៏បានមកដល់កន្លែងមួយឈ្មោះ “កំពង់ស្អាត” ដែលនៅជិតក្រុងឡាសេ។
9 យើងបានខាតពេលជាច្រើនថ្ងៃ ហើយសំពៅទៅមុខកាន់តែពិបាក ដ្បិតពេលនោះ ជាពេលក្រោយថ្ងៃពិធីបុណ្យតមអាហារ។ លោកប៉ូលជូនយោបល់គេថា៖
10 «ខ្ញុំយល់ថា បើយើងបន្តដំណើរទៅមុខទៀតនោះ គ្រោះថ្នាក់ណាស់ មិនត្រឹមតែធ្វើឲ្យខូចខាតទំនិញ និងសំពៅប៉ុណ្ណោះទេ គឺថែមទាំងមានគ្រោះថ្នាក់ដល់ជីវិតយើងទៀតផង»។
11 ប៉ុន្តែ លោកនាយទាហានបានទុកចិត្តអ្នកបើកសំពៅ និងនាយសំពៅជាងពាក្យរបស់លោកប៉ូល។
12 ដោយកំពង់ផែនោះមិនមែនជាកន្លែងស្រួលស្នាក់អាស្រ័យ នៅរដូវរងា អ្នកសំពៅភាគច្រើនបានសម្រេចចិត្តឲ្យចេញសំពៅទៅមុខទៀត។ ប្រសិនបើអាចធ្វើបាន គេចង់ទៅដល់ក្រុងភេនីច ជាកំពង់ផែមួយនៅកោះក្រែត ដែលបែរទៅរកទិសនិរតី និងទិសពាយ័ព្យ ដើម្បីស្នាក់នៅទីនោះក្នុងរដូវរងា។