កិច្ចការ 28:21-27 KHSV

21 អ្នក​ទាំង​នោះ​តប​វិញ​ថា៖ «យើង​ពុំ​បាន​ទទួល​សំបុត្រ​អ្វី​ពី​ស្រុក​យូដា​ស្ដី​អំពី​លោក​ឡើយ ហើយ​ក៏​គ្មាន​បង‌ប្អូន​ណា​ម្នាក់​មក​រាយ‌ការណ៍ ឬ​និយាយ​អាក្រក់​ពី​លោក​ដែរ។

22 យើង​ចង់​ស្ដាប់​លោក​មាន​ប្រសាសន៍​អំពី​គំនិត​របស់​លោក ព្រោះ​យើង​ដឹង​ថា​មាន​គេ​ជំទាស់​នឹង​គណៈ​របស់​លោក​នៅ​គ្រប់​ទី​កន្លែង»។

23 គេ​បាន​ណាត់​ពេល​ជួប​លោក​ប៉ូល​ម្ដង​ទៀត នៅ​ថ្ងៃ​ណា​មួយ។ លុះ​ដល់​ថ្ងៃ​នោះ​ហើយ មាន​មនុស្ស​ច្រើន​ជាង​មុន​មក​ផ្ទះ​លោក​ប៉ូល។ លោក​បាន​វែក​ញែក និង​ធ្វើ​ជា​បន្ទាល់​អំពី​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់​ប្រាប់​គេ​តាំង​ពី​ព្រឹក​រហូត​ដល់​ល្ងាច ដោយ​លើក​យក​គម្ពីរ‌វិន័យ​របស់​លោក​ម៉ូសេ និង​គម្ពីរ​ព្យាការី*​មក​ពន្យល់​បញ្ជាក់​ប្រាប់​គេ​អំពី​ព្រះ‌យេស៊ូ។

24 មាន​ពួក​គេ​មួយ​ផ្នែក​បាន​ជឿ​ពាក្យ​ដែល​លោក​មាន​ប្រសាសន៍ តែ​មួយ​ផ្នែក​ទៀត​ពុំ​ព្រម​ជឿ​ទេ។

25 ដោយ​ពួក​គេ​ចាក​ចេញ​ពី​ទី​នោះ​ទៅ​ទាំង​ខ្វែង​គំនិត​គ្នា លោក​ប៉ូល​ក៏​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ*​មាន​ព្រះ‌បន្ទូល​មក​កាន់​បុព្វបុរស​យើង តាម​រយៈ​ព្យាការី​អេសាយ​ពិត​ជា​ត្រូវ​មែន គឺ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖

26 ចូរ​ទៅ​រក​ប្រជា‌រាស្ត្រ​នោះ ហើយ​ប្រាប់​ពួក​គេ​ថា: អ្នក​រាល់​គ្នា​ស្ដាប់​ឮ​មែន តែ​ពុំ​យល់​ទេ អ្នក​រាល់​គ្នា​មើល​មែន តែ​ពុំ​ឃើញ​ទេ

27 ដ្បិត​ចិត្ត​របស់​ប្រជា‌រាស្ត្រ​នេះ​រឹង​ណាស់ គេ​បាន​នាំ​គ្នា​ខ្ទប់​ត្រចៀក ហើយ​បិទ​ភ្នែក ដើម្បី​កុំ​ឲ្យ​មើល​ឃើញ កុំ​ឲ្យ​ស្ដាប់​ឮ និង​ដើម្បី​កុំ​ឲ្យ​យល់ ហើយ​ក៏​មិន​ចង់​កែ​ប្រែ​ចិត្ត​គំនិត​ដែរ ក្រែង​លោ​យើង​ប្រោស​គេ​ឲ្យ​បាន​ជា» ។