កិច្ចការ 3:11-17 KHSV

11 បុរស​នោះ​នៅ​ជាប់​ជា​មួយ​លោក​ពេត្រុស និង​លោក​យ៉ូហាន​ជា‌និច្ច។ ប្រជា‌ជន​ទាំង​មូល​ភ័យ​ស្ញប់‌ស្ញែង​ណាស់ គេ​រត់​ទៅ​ចោម‌រោម​លោក​ទាំង​ពីរ​នៅ​ថែវ​សាឡូម៉ូន។

12 លោក​ពេត្រុស​ឃើញ​ដូច្នោះ ក៏​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ថា៖ «បង‌ប្អូន​អ៊ីស្រា‌អែល​អើយ! ហេតុ​ដូច​ម្ដេច​បាន​ជា​បង‌ប្អូន​ងឿង‌ឆ្ងល់​អំពី​ហេតុ‌ការណ៍​នេះ? ហេតុ​ដូច​ម្ដេច​បាន​ជា​បង‌ប្អូន​សម្លឹង​មើល​មក​យើង​ខ្ញុំ​ដូច្នេះ? តើ​បង‌ប្អូន​ស្មាន​ថា យើង​ខ្ញុំ​បាន​ប្រោស​បុរស​នេះ​ឲ្យ​ដើរ​រួច មក​ពី​ឫទ្ធា‌នុភាព​របស់​យើង​ខ្ញុំ​ផ្ទាល់ ឬ​មក​ពី​យើង​ខ្ញុំ​ចេះ​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់?

13 ព្រះ​របស់​លោក​អប្រាហាំ របស់​លោក​អ៊ីសាក និង​របស់​លោក​យ៉ាកុប ជា​ព្រះ​នៃ​បុព្វបុរស​របស់​យើង​ទាំង​អស់​គ្នា ទ្រង់​បាន​ប្រទាន​សិរី‌រុងរឿង​មក​ព្រះ‌យេស៊ូ ជា​អ្នក​បម្រើ​ព្រះ‌អង្គ។ បង‌ប្អូន​បាន​ចាប់​បញ្ជូន​ព្រះ‌យេស៊ូ​ទៅ​ឲ្យ​គេ​កាត់​ទោស ថែម​ទាំង​បដិសេធ​មិន​ទទួល​ស្គាល់​ព្រះ‌អង្គ នៅ​ចំពោះ​មុខ​លោក​ពីឡាត នៅ​ពេល​ដែល​លោក​ចង់​ដោះ​លែង​ព្រះ‌អង្គ​ទៀត​ផង។

14 បង‌ប្អូន​បាន​បដិសេធ​មិន​ទទួល​ស្គាល់​ព្រះ​ដ៏‌វិសុទ្ធ ព្រះ​ដ៏​សុចរិត ហើយ​បែរ​ជា​ទាម‌ទារ​សុំ​ឲ្យ​គេ​ដោះ​លែង​ឃាតក​ទៅ​វិញ។

15 បង‌ប្អូន​បាន​ឲ្យ​គេ​ធ្វើ​គុត​ម្ចាស់​នៃ​ជីវិត ប៉ុន្តែ ព្រះ‌ជាម្ចាស់​បាន​ប្រោស​ឲ្យ​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ យើង​ខ្ញុំ​ជា​សាក្សី​អំពី​ហេតុ‌ការណ៍​នេះ។

16 ដោយ‌សារ​យើង​ខ្ញុំ​ជឿ​លើ​ព្រះ‌នាម​ព្រះ‌យេស៊ូ គឺ​ព្រះ‌នាម​ព្រះ‌អង្គ​ហ្នឹង​ហើយ បាន​ធ្វើ​ឲ្យ​បុរស​ដែល​បង‌ប្អូន​ឃើញ ហើយ​ស្គាល់​នេះ មាន​កម្លាំង​ឡើង​វិញ។ គាត់​បាន​ជា​ទាំង​ស្រុង ដោយ‌សារ​ជំនឿ​លើ​ព្រះ‌យេស៊ូ ដូច​បង‌ប្អូន​ឃើញ​ស្រាប់។

17 បង‌ប្អូន​អើយ ខ្ញុំ​ដឹង​ថា​បង‌ប្អូន​ទាំង​អស់​គ្នា និង​ពួក​នាម៉ឺន​របស់​បង‌ប្អូន បាន​ប្រព្រឹត្ត​ដូច្នោះ​ទាំង​មិន​ដឹង​ខ្លួន។