16 ដោយសារយើងខ្ញុំជឿលើព្រះនាមព្រះយេស៊ូ គឺព្រះនាមព្រះអង្គហ្នឹងហើយ បានធ្វើឲ្យបុរសដែលបងប្អូនឃើញ ហើយស្គាល់នេះ មានកម្លាំងឡើងវិញ។ គាត់បានជាទាំងស្រុង ដោយសារជំនឿលើព្រះយេស៊ូ ដូចបងប្អូនឃើញស្រាប់។
17 បងប្អូនអើយ ខ្ញុំដឹងថាបងប្អូនទាំងអស់គ្នា និងពួកនាម៉ឺនរបស់បងប្អូន បានប្រព្រឹត្តដូច្នោះទាំងមិនដឹងខ្លួន។
18 ប៉ុន្តែ ព្រះជាម្ចាស់បានធ្វើឲ្យហេតុការណ៍នេះកើតឡើង ស្របតាមសេចក្ដីដែលព្រះអង្គប្រកាសទុកជាមុន តាមរយៈព្យាការីទាំងអស់ គឺថា ព្រះគ្រិស្ដរបស់ព្រះអង្គត្រូវតែរងទុក្ខលំបាក។
19 ហេតុនេះ សូមកែប្រែចិត្តគំនិត ហើយវិលមករកព្រះជាម្ចាស់វិញ ដើម្បីឲ្យព្រះអង្គលុបបំបាត់បាបរបស់បងប្អូន។
20 ព្រះអម្ចាស់នឹងប្រទានឲ្យបងប្អូនបានស្គាល់ពេលសម្រាក ព្រមទាំងប្រទានព្រះគ្រិស្ដយេស៊ូមកបងប្អូន ដូចព្រះអង្គគ្រោងទុកជាមុន។
21 ឥឡូវនេះ ព្រះយេស៊ូគ្រិស្ដគង់នៅឯស្ថានបរមសុខ* រហូតដល់ព្រះជាម្ចាស់រៀបចំអ្វីៗទាំងអស់ឡើងវិញ ដូចទ្រង់មានព្រះបន្ទូលទុក តាមរយៈពួកព្យាការីដ៏វិសុទ្ធ*របស់ព្រះអង្គ នៅជំនាន់ដើមស្រាប់។
22 លោកម៉ូសេមានប្រសាសន៍ថា: “ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នានឹងធ្វើឲ្យមានព្យាការីម្នាក់ដូចខ្ញុំ ងើបឡើងពីចំណោមបងប្អូនអ្នករាល់គ្នា អ្នករាល់គ្នាត្រូវស្ដាប់តាមសេចក្ដីទាំងប៉ុន្មាន ដែលលោកមានប្រសាសន៍ប្រាប់។