1 លោកពេត្រុស និងលោកយ៉ូហានកំពុងតែមានប្រសាសន៍ទៅកាន់ប្រជាជននៅឡើយ ស្រាប់តែពួកបូជាចារ្យ* មេកងរក្សាព្រះវិហារ និងពួកខាងគណៈសាឌូស៊ី*មកដល់។
2 ពួកគេទាស់ចិត្តនឹងសាវ័កបង្រៀនប្រជាជន ទាំងប្រកាសថាមនុស្សស្លាប់នឹងរស់ឡើងវិញ ដោយសំអាងលើព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ។
3 ពួកគេនាំគ្នាចាប់សាវ័កទាំងពីររូបយកទៅឃុំ ទុករហូតដល់ថ្ងៃបន្ទាប់ ដ្បិតពេលនោះល្ងាចណាស់ហើយ។
4 ប៉ុន្តែ ក្នុងចំណោមអស់អ្នកដែលបានឮព្រះបន្ទូល មានមនុស្សជាច្រើនជឿ ហើយចំនួនពួកគេបានកើនឡើង ប្រមាណប្រាំពាន់នាក់។
5 លុះស្អែកឡើង ពួកមេដឹកនាំ ពួកព្រឹទ្ធាចារ្យ* និងពួកអាចារ្យ* ប្រជុំគ្នានៅក្រុងយេរូសាឡឹម
6 ជាមួយលោកមហាបូជាចារ្យ*អាណ លោកកៃផា លោកយ៉ូហាន លោកអលេក្សានត្រុស និងក្រុមគ្រួសាររបស់នាយកបូជាចារ្យទាំងអស់។