14 ប៉ុន្តែ ពួកគេរកពាក្យឆ្លើយតបវិញមិនបានសោះ ព្រោះឃើញបុរសដែលបានជានោះឈរនៅជាមួយស្រាប់។
15 ពួកគេក៏បញ្ជាឲ្យលោកទាំងពីរចេញពីអង្គប្រជុំ ហើយពិគ្រោះគ្នាថា៖
16 «តើយើងគួរធ្វើអ្វីដល់អ្នកទាំងពីរនេះ? ដ្បិតអ្នកក្រុងយេរូសាឡឹមទាំងមូលដឹងច្បាស់ថា គេធ្វើទីសម្គាល់អស្ចារ្យមួយដ៏វិសេស ដែលយើងមិនអាចបដិសេធបាន។
17 ដូច្នេះ តោងយើងហាមប្រាម និងគំរាមគេ កុំឲ្យប្រកាសប្រាប់នរណាអំពីឈ្មោះនោះតទៅទៀតឡើយ ដើម្បីកុំឲ្យរឿងនេះលេចឮខ្ចរខ្ចាយដល់ប្រជាជន»។
18 ក្រុមប្រឹក្សាក៏ហៅសាវ័កទាំងពីរមក ហើយហាមប្រាមមិនឲ្យនិយាយ និងបង្រៀនអំពីព្រះនាមព្រះយេស៊ូជាដាច់ខាត។
19 លោកពេត្រុស និងលោកយ៉ូហាន មានប្រសាសន៍តបទៅគេវិញថា៖ «សូមអស់លោកពិចារណាមើល នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ គួរឲ្យយើងខ្ញុំធ្វើតាមបង្គាប់អស់លោក ឬធ្វើតាមបង្គាប់របស់ព្រះអង្គ?
20 យើងខ្ញុំឈប់និយាយអំពីហេតុការណ៍ដែលយើងខ្ញុំបានឃើញ បានឮនោះពុំកើតទេ»។