កិច្ចការ 4:15-21 KHSV

15 ពួក​គេ​ក៏​បញ្ជា​ឲ្យ​លោក​ទាំង​ពីរ​ចេញ​ពី​អង្គ​ប្រជុំ ហើយ​ពិគ្រោះ​គ្នា​ថា៖

16 «តើ​យើង​គួរ​ធ្វើ​អ្វី​ដល់​អ្នក​ទាំង​ពីរ​នេះ? ដ្បិត​អ្នក​ក្រុង​យេរូ‌សាឡឹម​ទាំង​មូល​ដឹង​ច្បាស់​ថា គេ​ធ្វើ​ទី​សម្គាល់​អស្ចារ្យ​មួយ​ដ៏​វិសេស ដែល​យើង​មិន​អាច​បដិសេធ​បាន។

17 ដូច្នេះ តោង​យើង​ហាម‌ប្រាម និង​គំរាម​គេ កុំ​ឲ្យ​ប្រកាស​ប្រាប់​នរណា​អំពី​ឈ្មោះ​នោះ​ត​ទៅ​ទៀត​ឡើយ ដើម្បី​កុំ​ឲ្យ​រឿង​នេះ​លេច​ឮ​ខ្ចរ‌ខ្ចាយ​ដល់​ប្រជា‌ជន»។

18 ក្រុម​ប្រឹក្សា​ក៏​ហៅ​សាវ័ក​ទាំង​ពីរ​មក ហើយ​ហាម‌ប្រាម​មិន​ឲ្យ​និយាយ និង​បង្រៀន​អំពី​ព្រះ‌នាម​ព្រះ‌យេស៊ូ​ជា​ដាច់​ខាត។

19 លោក​ពេត្រុស និង​លោក​យ៉ូហាន មាន​ប្រសាសន៍​តប​ទៅ​គេ​វិញ​ថា៖ «សូម​អស់​លោក​ពិចារណា​មើល នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់ គួរ​ឲ្យ​យើង​ខ្ញុំ​ធ្វើ​តាម​បង្គាប់​អស់​លោក ឬ​ធ្វើ​តាម​បង្គាប់​របស់​ព្រះ‌អង្គ?

20 យើង​ខ្ញុំ​ឈប់​និយាយ​អំពី​ហេតុ‌ការណ៍​ដែល​យើង​ខ្ញុំ​បាន​ឃើញ បាន​ឮ​នោះ​ពុំ​កើត​ទេ»។

21 ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​រក​ហេតុ ដើម្បី​ដាក់​ទោស​លោក​ទាំង​ពីរ​មិន​បាន ក៏​គំរាម​សា​ជា​ថ្មី​ទៀត រួច​ដោះ​លែង​ឲ្យ​ទៅ​វិញ ដ្បិត​ប្រជា‌ជន​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់ ចំពោះ​ហេតុ‌ការណ៍​ដែល​កើត​មាន​នោះ​គ្រប់ៗ​គ្នា។