កិច្ចការ 4:27-33 KHSV

27 ប្រាកដ​មែន! នៅ​ក្នុង​ក្រុង​នេះ ស្ដេច​ហេរ៉ូដ និង​លោក​ប៉ុនទាស-‌ពីឡាត បាន​រួម​គ្នា​ប្រឆាំង​នឹង​ព្រះ‌យេស៊ូ​ជា​អ្នក​បម្រើ​ដ៏‌វិសុទ្ធ*​របស់​ព្រះ‌អង្គ ដែល​ទ្រង់​បាន​ចាក់​ប្រេង​អភិសេក ទាំង​មាន​សាសន៍​ដទៃ​ទៀត និង​ប្រជា‌រាស្ត្រ​អ៊ីស្រា‌អែល​សម​គំនិត​ផង។

28 គេ​នាំ​គ្នា​ប្រព្រឹត្ត​ដូច​ព្រះ‌អង្គ​បាន​កំណត់​ទុក​ជា​មុន តាម​ឫទ្ធិ‌បារមី និង​តាម​ព្រះ‌តម្រិះ​របស់​ព្រះ‌អង្គ។

29 ឥឡូវ​នេះ ឱ​ព្រះ‌អម្ចាស់​អើយ សូម​ជ្រាប​សេចក្ដី​គំរាម​របស់​ពួក​គេ ហើយ​សូម​ប្រោស​ប្រទាន​ឲ្យ​ពួក​អ្នក​បម្រើ​ព្រះ‌អង្គ​ថ្លែង​ព្រះ‌បន្ទូល​ដោយ​ចិត្ត​អង់‌អាច​មោះ‌មុត​ផង

30 សូម​សម្តែង​បារមី​ឲ្យ​អ្នក​ជំងឺ​បាន​ជា ឲ្យ​មាន​ទី​សម្គាល់ និង​ឫទ្ធិ‌បាដិ‌ហារិយ៍​កើត​ឡើង ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូ ជា​អ្នក​បម្រើ​ដ៏‌វិសុទ្ធ*​របស់​ព្រះ‌អង្គ»។

31 កាល​ពួក​គេ​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់​ដូច្នោះ​រួច​ហើយ កន្លែង​ដែល​គេ​ជួប‌ជុំ​គ្នា​នោះ​ក៏​រញ្ជួយ គេ​បាន​ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ​ទាំង​អស់​គ្នា ហើយ​នាំ​គ្នា​ថ្លែង​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់ ដោយ​ចិត្ត​អង់‌អាច។

32 អ្នក​ជឿ​ទាំង​អំបាល‌ម៉ាន​មាន​ចិត្ត​ថ្លើម​តែ​មួយ គ្មាន​អ្នក​ណា​ម្នាក់​នឹក​គិត​ថា​ទ្រព្យ‌សម្បត្តិ​ដែល​ខ្លួន​មាន ជា​របស់​ខ្លួន​ផ្ទាល់​នោះ​ឡើយ គឺ​គេ​យក​មក​ដាក់​ជា​សម្បត្តិ​រួម​ទាំង​អស់។

33 ក្រុម​សាវ័ក*​បាន​ប្រកប​ដោយ​ឫទ្ធា‌នុភាព​ដ៏​ខ្លាំង​ក្លា ហើយ​នាំ​គ្នា​ផ្ដល់​សក្ខីភាព​អំពី​ព្រះ‌អម្ចាស់‌យេស៊ូ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។ ព្រះ‌ជាម្ចាស់​ទ្រង់​សម្តែង​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​ដ៏​លើស‌លប់ ដល់​ពួក​គេ​ទាំង​អស់​គ្នា។