1 មានបុរសម្នាក់ឈ្មោះ អាណាណាស ភរិយាឈ្មោះសាភីរ៉ា។ គាត់ក៏បានលក់ដីរបស់គាត់ដែរ
2 ហើយសមគំនិតជាមួយភរិយា ទុកប្រាក់មួយចំណែកសម្រាប់ខ្លួនឯង រួចយកប្រាក់ដែលនៅសល់ទៅជូនក្រុមសាវ័ក*។
3 លោកពេត្រុសមានប្រសាសន៍ទៅគាត់ថា៖ «អាណាណាសអើយ! ហេតុដូចម្ដេចបានជាមារ*សាតាំងនៅពេញក្នុងចិត្តអ្នក រហូតដល់ទៅកុហកព្រះវិញ្ញាណដ៏វិសុទ្ធ* ហើយទុកប្រាក់ដែលលក់ដីបាននោះមួយចំណែកដូច្នេះ?
4 កាលដើមឡើយ ដីនោះជាកម្មសិទ្ធិរបស់អ្នក លុះដល់អ្នកលក់ផុតទៅ ប្រាក់ដែលបានមកនោះអ្នកអាចប្រើប្រាស់តាមចិត្ត! ចុះហេតុដូចម្ដេចបានជាអ្នកមានគំនិតប្រព្រឹត្តយ៉ាងហ្នឹង? អ្នកបានកុហកព្រះជាម្ចាស់ គឺមិនមែនកុហកមនុស្សទេ»។
5 កាលអាណាណាសបានឮពាក្យនេះ ក៏ដួលដាច់ខ្យល់ស្លាប់ទៅ។ រីឯអស់អ្នកដែលបានឮដំណឹងនេះ ក៏ស្ញែងខ្លាចជាខ្លាំង។