កិច្ចការ 5:11-17 KHSV

11 ក្រុម‌ជំនុំ*​ទាំង​មូល និង​អស់​អ្នក​ដែល​បាន​ឮ​ដំណឹង​នេះ ស្ញែង​ខ្លាច​ជា​ខ្លាំង។

12 សាវ័ក​បាន​នាំ​គ្នា​សម្តែង​ទី​សម្គាល់​ដ៏​អស្ចារ្យ និង​ឫទ្ធិ‌បាដិ‌ហារិយ៍​ជា​ច្រើន នៅ​ក្នុង​ចំណោម​ប្រជា‌ជន។ អ្នក​ជឿ​ទាំង​អស់​រួម​ចិត្ត​គំនិត​គ្នា គេ​ឈរ​នៅ​តាម​ថែវ​សាឡូម៉ូន។

13 រីឯ​អ្នក​ឯ​ទៀតៗ​គ្មាន​នរណា​ហ៊ាន​មក​ចូល​រួម​ជា​មួយ​គេ​ឡើយ តែ​ប្រជា‌ជន​កោត​សរសើរ​គេ​គ្រប់ៗ​គ្នា។

14 បណ្ដា‌ជន​ទាំង​ប្រុស​ទាំង​ស្រី​ដែល​ជឿ​លើ​ព្រះ‌អម្ចាស់ បាន​មក​ចូល​រួម​កាន់​តែ​ច្រើន​ឡើងៗ។

15 មនុស្ស‌ម្នា​បាន​សែង​អ្នក​ជំងឺ​មក​ដាក់​នៅ​តាម​ផ្លូវ ឲ្យ​ដេក​លើ​គ្រែ​ស្នែង លើ​កន្ទេល ប្រាថ្នា​យ៉ាង​ហោច​ណាស់​គ្រាន់​តែ​ឲ្យ​ស្រមោល​លោក​ពេត្រុស​បាំង​លើ​អ្នក​ជំងឺ​ណា​ម្នាក់ នៅ​ពេល​ដែល​លោក​ដើរ​កាត់​តាម​នោះ​ក៏​បាន​ដែរ។

16 មាន​មនុស្ស​ជា​ច្រើន​នាំ​គ្នា​ធ្វើ​ដំណើរ​មក​ពី​ភូមិ​នានា នៅ​ជិត​ក្រុង​យេរូ‌សាឡឹម ទាំង​សែង​អ្នក​ជំងឺ និង​អ្នក​ដែល​មាន​វិញ្ញាណ​អាក្រក់​ចូល​មក​ជា​មួយ​ផង អ្នក​ទាំង​នោះ​បាន​ជា​គ្រប់ៗ​គ្នា។

17 ពេល​នោះ លោក​មហា‌បូជា‌ចារ្យ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក​ទាំង​ប៉ុន្មាន គឺ​ពួក​ខាង​គណៈ‌សាឌូ‌ស៊ី* មាន​ចិត្ត​ក្ដៅ​ក្រហាយ​ជា​ខ្លាំង។