កិច្ចការ 5:17-23 KHSV

17 ពេល​នោះ លោក​មហា‌បូជា‌ចារ្យ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក​ទាំង​ប៉ុន្មាន គឺ​ពួក​ខាង​គណៈ‌សាឌូ‌ស៊ី* មាន​ចិត្ត​ក្ដៅ​ក្រហាយ​ជា​ខ្លាំង។

18 គេ​លើក​គ្នា​មក​ចាប់​ក្រុម​សាវ័ក* យក​ទៅ​ឃុំ‌ឃាំង​នៅ​ពន្ធ‌នាគារ​សាធារណៈ។

19 លុះ​ដល់​យប់ មាន​ទេវតា*​របស់​ព្រះ‌អម្ចាស់​មក​បើក​ទ្វារ​ពន្ធ‌នាគារ​ឲ្យ​ក្រុម​សាវ័ក​ចេញ ទាំង​ពោល​ថា៖

20 «សូម​អញ្ជើញ​ទៅ​ឈរ​ក្នុង​ព្រះ‌វិហារ* ហើយ​ប្រកាស​ព្រះ‌បន្ទូល​ទាំង​អស់​ដែល​ផ្ដល់​ជីវិត​នេះ​ឲ្យ​ប្រជា‌ជន​ស្ដាប់​ទៅ»។

21 កាល​បាន​ឮ​ពាក្យ​ទេវតា ក្រុម​សាវ័ក​នាំ​គ្នា​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​តាំង​ពី​ព្រលឹម ហើយ​បង្រៀន​ប្រជា‌ជន។លោក​មហា​បូជា‌ចារ្យ* និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក កោះ​ហៅ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់* និង​ព្រឹទ្ធ‌សភា​នៃ​ប្រជា‌ជន​អ៊ីស្រា‌អែល​មក​ជួប‌ជុំ​គ្នា រួច​ចាត់​អ្នក​យាម​ឲ្យ​ទៅ​នាំ​ក្រុម​សាវ័ក​ពី​ពន្ធ‌នាគារ​មក។

22 ពេល​ទៅ​ដល់​ទី​ឃុំ‌ឃាំង គេ​ពុំ​ឃើញ​ក្រុម​សាវ័ក​ទេ គេ​នាំ​គ្នា​វិល​មក​វិញ រាយ‌ការណ៍​ជម្រាប​អង្គ​ប្រជុំ​ថា៖

23 «យើង​ខ្ញុំ​ឃើញ​ទី​ឃុំ‌ឃាំង​នៅ​បិទ​ជិត​ល្អ​ណាស់ ហើយ​ពួក​អ្នក​យាម​ក៏​ឈរ​យាម​នៅ​ខាង​មុខ​ទ្វារ​ដែរ តែ​ពេល​យើង​ខ្ញុំ​បើក​ទ្វារ ពុំ​ឃើញ​មាន​នរណា​ម្នាក់​នៅ​ក្នុង​ទី​នោះ​សោះ»។