22 ពេលទៅដល់ទីឃុំឃាំង គេពុំឃើញក្រុមសាវ័កទេ គេនាំគ្នាវិលមកវិញ រាយការណ៍ជម្រាបអង្គប្រជុំថា៖
23 «យើងខ្ញុំឃើញទីឃុំឃាំងនៅបិទជិតល្អណាស់ ហើយពួកអ្នកយាមក៏ឈរយាមនៅខាងមុខទ្វារដែរ តែពេលយើងខ្ញុំបើកទ្វារ ពុំឃើញមាននរណាម្នាក់នៅក្នុងទីនោះសោះ»។
24 កាលមេកងរក្សាព្រះវិហារ និងពួកនាយកបូជាចារ្យឮដូច្នោះ គេមិនដឹងជាត្រូវគិតយ៉ាងណាអំពីក្រុមសាវ័ក និងអំពីហេតុការណ៍ដែលកើតឡើងនោះឡើយ។
25 ពេលនោះ មានម្នាក់ចូលមកជម្រាបអង្គប្រជុំថា៖ «ពួកអ្នកដែលអស់លោកបានចាប់ឃុំឃាំង កំពុងតែឈរបង្រៀនប្រជាជន ក្នុងព្រះវិហារឯណោះ!»។
26 មេកងរក្សាព្រះវិហារក៏នាំទាហានចេញទៅចាប់ក្រុមសាវ័កបណ្ដើរមក តែឥតមានធ្វើបាបអ្វីទេ ព្រោះគេខ្លាចប្រជាជនយកដុំថ្មគប់។
27 លុះនាំក្រុមសាវ័កមកដល់ហើយ គេក៏ឲ្យឈរនៅមុខក្រុមប្រឹក្សាជាន់ខ្ពស់ លោកមហាបូជាចារ្យសួរក្រុមសាវ័កថា៖
28 «យើងបានហាមប្រាមអ្នករាល់គ្នាមិនឲ្យបង្រៀនប្រជាជនក្នុងនាមអ្នកនោះជាដាច់ខាត តែឥឡូវនេះ អ្នករាល់គ្នាបែរជាបង្រៀនគេពាសពេញក្រុងយេរូសាឡឹមទាំងមូលទៅវិញ!។ អ្នករាល់គ្នាក៏ចង់ទម្លាក់កំហុសនៃការប្រហារជីវិតបុរសនោះ មកលើយើងថែមទៀតផង!»។