29 លោកពេត្រុស និងសាវ័កឯទៀតៗឆ្លើយឡើងថា៖ «យើងខ្ញុំត្រូវស្ដាប់បង្គាប់ព្រះជាម្ចាស់ជាជាងស្ដាប់បង្គាប់មនុស្ស។
30 ព្រះនៃបុព្វបុរសរបស់យើងទ្រង់បានប្រោសលោកយេស៊ូ ដែលអស់លោកបានសម្លាប់ ដោយព្យួរនៅលើឈើនោះ ឲ្យមានជីវិតរស់ឡើងវិញ។
31 ព្រះជាម្ចាស់បានលើកលោកយេស៊ូឡើង ដោយឫទ្ធិបារមីរបស់ព្រះអង្គ ហើយតែងតាំងលោកជាព្រះអង្គម្ចាស់ និងជាព្រះសង្គ្រោះ ដើម្បីឲ្យប្រជារាស្ដ្រអ៊ីស្រាអែលកែប្រែចិត្តគំនិត ហើយព្រះជាម្ចាស់លើកលែងទោសឲ្យរួចពីបាប*។
32 យើងខ្ញុំជាសាក្សីអំពីហេតុការណ៍ទាំងនេះ ហើយព្រះវិញ្ញាណដ៏វិសុទ្ធដែលព្រះជាម្ចាស់ប្រទានដល់អស់អ្នកស្ដាប់បង្គាប់ព្រះអង្គ ទ្រង់ក៏ជាសាក្សីដែរ»។
33 កាលក្រុមប្រឹក្សាជាន់ខ្ពស់ឮដូច្នេះ គេក្រេវក្រោធជាខ្លាំង ហើយចង់សម្លាប់ក្រុមសាវ័កថែមទៀតផង។
34 ប៉ុន្តែ មានបុរសម្នាក់ខាងគណៈផារីស៊ី*ឈ្មោះកាម៉ាលាល ជាអ្នកប្រាជ្ញខាងវិន័យ ដែលប្រជាជនគោរពគ្រប់ៗគ្នា ក្រោកឈរឡើងនៅមុខក្រុមប្រឹក្សាជាន់ខ្ពស់ សុំឲ្យគេនាំក្រុមសាវ័កចេញពីទីនោះមួយស្របក់
35 រួចមានប្រសាសន៍ទៅកាន់អង្គប្រជុំថា៖ «អស់លោកជាជនជាតិអ៊ីស្រាអែលអើយ សូមប្រយ័ត្នចំពោះអំពើដែលអស់លោកប៉ុនប៉ងនឹងធ្វើដល់អ្នកទាំងនេះ។