5 កាលអាណាណាសបានឮពាក្យនេះ ក៏ដួលដាច់ខ្យល់ស្លាប់ទៅ។ រីឯអស់អ្នកដែលបានឮដំណឹងនេះ ក៏ស្ញែងខ្លាចជាខ្លាំង។
6 ពួកយុវជននាំគ្នាមករុំសពអាណាណាស ហើយសែងយកទៅកប់។
7 ប្រមាណជាបីម៉ោងក្រោយមក ភរិយារបស់អាណាណាសចូលមកដល់ ដោយមិនបានដឹងហេតុការណ៍ដែលកើតមាននោះឡើយ។
8 លោកពេត្រុសសួរនាងថា៖ «សូមប្រាប់ខ្ញុំមកមើល៍ តើប្ដីនាង និងនាងលក់ដីបានប្រាក់ប៉ុណ្ណេះមែនឬ?»។ នាងឆ្លើយថា៖ «ចា៎ស! បានប្រាក់ប៉ុណ្ណឹងមែន»។
9 លោកពេត្រុសក៏មានប្រសាសន៍ទៅនាងទៀតថា៖ «ហេតុដូចម្ដេចបានជាអ្នកសមគំនិតគ្នាល្បងលព្រះវិញ្ញាណរបស់ព្រះអម្ចាស់ដូច្នេះ? មើល៍ហ្ន៎! ពួកអ្នកដែលបានបញ្ចុះសពប្ដីនាងមកដល់នៅមាត់ទ្វារហើយ គេនឹងសែងនាងយកទៅដែរ»។
10 រំពេចនោះ នាងក៏ដួលនៅទៀបជើងរបស់លោក ហើយដាច់ខ្យល់ស្លាប់ទៅ។ ពេលពួកយុវជនចូលមក ឃើញនាងស្លាប់ ក៏នាំគ្នាយកសពនាងទៅបញ្ចុះ នៅក្បែរសពប្ដីរបស់នាង។
11 ក្រុមជំនុំ*ទាំងមូល និងអស់អ្នកដែលបានឮដំណឹងនេះ ស្ញែងខ្លាចជាខ្លាំង។