9 លោកពេត្រុសក៏មានប្រសាសន៍ទៅនាងទៀតថា៖ «ហេតុដូចម្ដេចបានជាអ្នកសមគំនិតគ្នាល្បងលព្រះវិញ្ញាណរបស់ព្រះអម្ចាស់ដូច្នេះ? មើល៍ហ្ន៎! ពួកអ្នកដែលបានបញ្ចុះសពប្ដីនាងមកដល់នៅមាត់ទ្វារហើយ គេនឹងសែងនាងយកទៅដែរ»។
10 រំពេចនោះ នាងក៏ដួលនៅទៀបជើងរបស់លោក ហើយដាច់ខ្យល់ស្លាប់ទៅ។ ពេលពួកយុវជនចូលមក ឃើញនាងស្លាប់ ក៏នាំគ្នាយកសពនាងទៅបញ្ចុះ នៅក្បែរសពប្ដីរបស់នាង។
11 ក្រុមជំនុំ*ទាំងមូល និងអស់អ្នកដែលបានឮដំណឹងនេះ ស្ញែងខ្លាចជាខ្លាំង។
12 សាវ័កបាននាំគ្នាសម្តែងទីសម្គាល់ដ៏អស្ចារ្យ និងឫទ្ធិបាដិហារិយ៍ជាច្រើន នៅក្នុងចំណោមប្រជាជន។ អ្នកជឿទាំងអស់រួមចិត្តគំនិតគ្នា គេឈរនៅតាមថែវសាឡូម៉ូន។
13 រីឯអ្នកឯទៀតៗគ្មាននរណាហ៊ានមកចូលរួមជាមួយគេឡើយ តែប្រជាជនកោតសរសើរគេគ្រប់ៗគ្នា។
14 បណ្ដាជនទាំងប្រុសទាំងស្រីដែលជឿលើព្រះអម្ចាស់ បានមកចូលរួមកាន់តែច្រើនឡើងៗ។
15 មនុស្សម្នាបានសែងអ្នកជំងឺមកដាក់នៅតាមផ្លូវ ឲ្យដេកលើគ្រែស្នែង លើកន្ទេល ប្រាថ្នាយ៉ាងហោចណាស់គ្រាន់តែឲ្យស្រមោលលោកពេត្រុសបាំងលើអ្នកជំងឺណាម្នាក់ នៅពេលដែលលោកដើរកាត់តាមនោះក៏បានដែរ។