កិច្ចការ 6:1-5 KHSV

1 នៅ​គ្រា​នោះ ចំនួន​សិស្ស​ចេះ​តែ​កើន​ឡើង​ជា​លំដាប់។ ជន‌ជាតិ​យូដា​ដែល​និយាយ​ភាសា​ក្រិក នាំ​គ្នា​រអ៊ូ‌រទាំ​ទាស់​នឹង​ជន‌ជាតិ​យូដា​ដែល​និយាយ​ភាសា​ហេប្រឺ​ថា នៅ​ពេល​ចែក​ម្ហូប​អាហារ​ប្រចាំ​ថ្ងៃ ពួក​ហេប្រឺ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​នឹង​ស្ត្រី​មេម៉ាយ​ខាង​ពួក​ខ្លួន​ទេ។

2 សាវ័ក*​ទាំង​ដប់‌ពីរ​រូប​ក៏​កោះ​ហៅ​ពួក​សិស្ស​ទាំង​អស់​មក ហើយ​មាន​ប្រសាសន៍​ថា៖ «មិន​គួរ​ឲ្យ​យើង​ខ្ញុំ ចោល​ការ​ប្រកាស​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​ទៅ​បម្រើ​តុ​ឡើយ។

3 ហេតុ​នេះ បង‌ប្អូន​អើយ សូម​នាំ​គ្នា​ជ្រើស​រើស​យក​បុរស​ប្រាំ‌ពីរ​រូប​ក្នុង​ចំណោម​បង‌ប្អូន​ដែល​ជា​អ្នក​មាន​កេរ្តិ៍‌ឈ្មោះ​ល្អ ហើយ​ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ និង​ប្រាជ្ញា​ឈ្លាស​វៃ។ យើង​ខ្ញុំ​នឹង​តែង‌តាំង​គេ​ឲ្យ​បំពេញ​មុខ‌ងារ​នេះ។

4 រីឯ​យើង​ខ្ញុំ​វិញ យើង​ខ្ញុំ​នឹង​គិត​តែ​ពី​អធិស្ឋាន និង​បម្រើ​ព្រះ‌បន្ទូល»។

5 ពួក​សិស្ស​ទាំង​ប៉ុន្មាន​ពេញ​ចិត្ត​នឹង​សេចក្ដី​ស្នើ​នេះ​ណាស់ គេ​ក៏​ជ្រើស​យក​លោក​ស្ទេផាន ដែល​ពោរ‌ពេញ​ដោយ​ជំនឿ និង​ដោយ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ* លោក​ភីលីព លោក​ប្រូខូ‌រ៉ុស លោក​នីកា‌ន័រ លោក​ទីម៉ូន លោក​ប៉ាមេ‌ណា និង​លោក​នីកូ‌ឡាស ជា​អ្នក​ស្រុក​អន់‌ទី‌យ៉ូក ដែល​ចូល​សាសនា​យូដា។