កិច្ចការ 7:19-25 KHSV

19 ស្ដេច​ថ្មី​នោះ​បាន​ប្រើ​ល្បិច​អាក្រក់​មក​លើ​ពូជ​សាសន៍​យើង គឺ​ទ្រង់​បាន​ធ្វើ​បាប​បុព្វបុរស​របស់​យើង រហូត​ដល់​បង្ខំ​ពួក​គាត់​ឲ្យ​យក​ទារក​តូចៗ​របស់​ខ្លួន​ទៅ​បំបរ‌បង់​ចោល ដើម្បី​កុំ​ឲ្យ​មាន​ជីវិត​រស់​ត​ទៅ​មុខ​ទៀត។

20 លោក​ម៉ូសេ​បាន​កើត​នៅ​ជំនាន់​នោះ ហើយ​លោក​ជា​ទារក​មួយ​ដ៏​ស្អាត ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់។ ឪពុក‌ម្ដាយ​បាន​ចិញ្ចឹម​លោក​នៅ​ក្នុង​ផ្ទះ​អស់​រយៈ​ពេល​បី​ខែ។

21 កាល​គេ​បំបរ‌បង់​លោក​ចោល បុត្រី​របស់​ស្ដេច​ផារ៉ោន​បាន​រើស​លោក​យក​មក​ចិញ្ចឹម​បី​បាច់​ថែ‌រក្សា ធ្វើ​ជា​កូន។

22 លោក​ម៉ូសេ​បាន​ទទួល​ការ​អប់រំ តាម​ចំណេះ​វិជ្ជា​ទាំង​ប៉ុន្មាន​របស់​ជន‌ជាតិ​អេស៊ីប លោក​មាន​សំនួន‌វោហារ​ពូកែ ហើយ​ប៉ិន‌ប្រសប់​ធ្វើ​កិច្ចការ​ផ្សេងៗ​ផង។

23 លុះ​ដល់​លោក​មាន​អាយុ​គម្រប់​សែ‌សិប​ឆ្នាំ លោក​ក៏​បាន​សម្រេច​ចិត្ត​ទៅ​សួរ​សុខ​ទុក្ខ​ជន‌ជាតិ​អ៊ីស្រា‌អែល ជា​បង‌ប្អូន​រួម​ជាតិ​របស់​លោក។

24 លោក​បាន​ឃើញ​ជន​រួម​ជាតិ​របស់​លោក​ម្នាក់​ត្រូវ​គេ​ធ្វើ​បាប លោក​ក៏​ចេញ​មុខ​ការពារ ហើយ​សង‌សឹក​ជំនួស​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​បាប ដោយ​វាយ​សម្លាប់​ជន‌ជាតិ​អេស៊ីប​នោះ​ទៅ។

25 លោក​នឹក​ស្មាន​ថា បង‌ប្អូន​រួម​ជាតិ​របស់​លោក​មុខ​ជា​យល់​ថា ព្រះ‌ជាម្ចាស់​នឹង​សង្គ្រោះ​ពួក​គេ​តាម​រយៈ​លោក ប៉ុន្តែ ពួក​គេ​ពុំ​បាន​យល់​ដូច្នោះ​ឡើយ។