កិច្ចការ 7:26-32 KHSV

26 នៅ​ថ្ងៃ​បន្ទាប់ លោក​ម៉ូសេ​បាន​ប្រទះ​ឃើញ​ជន‌ជាតិ​អ៊ីស្រា‌អែល​ខ្លះ​កំពុង​វាយ​គ្នា លោក​ក៏​មាន​ប្រសាសន៍​សម្រុះ‌សម្រួល​គេ​ថា: “អ្នក​រាល់​គ្នា​ជា​បង‌ប្អូន​នឹង​គ្នា ហេតុ​ដូច​ម្ដេច​បាន​ជា​ធ្វើ​បាប​គ្នា​ឯង​ដូច្នេះ?”។

27 ម្នាក់​ដែល​ធ្វើ​បាប​បង‌ប្អូន បាន​ច្រាន​លោក​ម៉ូសេ​ចេញ ទាំង​ពោល​ថា: “នរណា​បាន​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ និង​ជា​ចៅ‌ក្រម​ពី​លើ​យើង?

28 តើ​អ្នក​ចង់​សម្លាប់​ខ្ញុំ​ដូច​អ្នក​បាន​សម្លាប់​អេស៊ីប​ម្នាក់​ពី​ម្សិល‌មិញ​នោះ​ដែរ​ឬ?”។

29 កាល​លោក​ម៉ូសេ​ឮ​ពាក្យ​នេះ លោក​ក៏​ភៀស​ខ្លួន​ទៅ​នៅ​ស្រុក​ម៉ាឌាន។ នៅ​ស្រុក​នោះ លោក​បាន​កូន​ប្រុស​ពីរ​នាក់។

30 សែ‌សិប​ឆ្នាំ​កន្លង​មក​ទៀត មាន​ទេវតា*​មួយ​រូប​បាន​បង្ហាញ​ខ្លួន​ឲ្យ​លោក​ឃើញ នៅ​វាល​រហោ‌ស្ថាន​ភ្នំ​ស៊ីណៃ ក្នុង​អណ្ដាត​ភ្លើង​ដែល​កំពុង​ឆេះ​នៅ​គុម្ពោត​មួយ។

31 លោក​ម៉ូសេ​ងឿង‌ឆ្ងល់​ចំពោះ​ហេតុ​ដ៏​អស្ចារ្យ ដែល​លោក​ឃើញ​នោះ​ណាស់។ ពេល​លោក​ចូល​ទៅ​ជិត ដើម្បី​ពិនិត្យ​មើល លោក​បាន​ឮ​ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់​ថា:

32 “យើង​ជា​ព្រះ​នៃ​បុព្វបុរស​របស់​អ្នក គឺ​ជា​ព្រះ​របស់​អប្រាហាំ ព្រះ​របស់​អ៊ីសាក និង​ព្រះ​របស់​យ៉ាកុប”។ លោក​ម៉ូសេ​ភ័យ​ញ័រ​ជា​ខ្លាំង ពុំ​ហ៊ាន​សម្លឹង​មើល​ទេ។