39 បុព្វបុរសរបស់យើងមិនព្រមស្ដាប់បង្គាប់លោកទេ គឺគេបែរជានាំគ្នាជំទាស់នឹងលោក ហើយមានចិត្តចង់វិលត្រឡប់ទៅស្រុកអេស៊ីបវិញ
40 ដោយពោលទៅកាន់លោកអើរ៉ុនថា: “សូមលោកឆ្លាក់រូបចម្លាក់ផ្សេងៗធ្វើជាព្រះដឹកនាំយើង ដ្បិតលោកម៉ូសេដែលបាននាំយើងចេញពីស្រុកអេស៊ីបមកនោះ យើងមិនដឹងលោកទៅជាយ៉ាងណាហើយទេ!”។
41 នៅគ្រានោះ គេក៏បានឆ្លាក់រូបកូនគោមួយ ហើយយកយញ្ញបូជាមកថ្វាយរូបចម្លាក់នោះ រួចនាំគ្នាសប្បាយរីករាយចំពោះវត្ថុដែលជាស្នាដៃរបស់ខ្លួន។
42 ពេលនោះ ព្រះជាម្ចាស់ឈប់រវីរវល់នឹងគេ ទ្រង់បណ្ដោយគេឲ្យគោរពថ្វាយបង្គំផ្កាយទាំងឡាយនៅលើមេឃ ស្របនឹងសេចក្ដីដែលមានចែងទុកក្នុងគម្ពីរព្យាការីថា: “ប្រជារាស្ដ្រអ៊ីស្រាអែលអើយ! ក្នុងអំឡុងពេលសែសិបឆ្នាំនៅវាលរហោស្ថាន តើអ្នករាល់គ្នាដែលបានយកសត្វ ឬយញ្ញបូជាអ្វីមកឲ្យយើងឬទេ?
43 អ្នករាល់គ្នាបានសែងខ្ទមរបស់ព្រះម៉ូឡុក និងសែងរូបផ្កាយតំណាងព្រះរេមផាន់ របស់អ្នករាល់គ្នា។ រូបសំណាកអស់ទាំងនេះ អ្នករាល់គ្នាបានឆ្លាក់ ដើម្បីយកមកថ្វាយបង្គំ!។ ដូច្នេះ យើងនឹងកៀរអ្នករាល់គ្នាយកទៅឆ្ងាយ ហួសស្រុកបាប៊ីឡូនទៅទៀត”។
44 នៅវាលរហោស្ថាន បុព្វបុរសរបស់យើងមានព្រះពន្លា*របស់ព្រះជាម្ចាស់ សង់ឡើង ស្របតាមព្រះបន្ទូលដែលព្រះជាម្ចាស់បានបង្គាប់មកលោកម៉ូសេ គឺតាមគំរូដែលលោកបានឃើញ។
45 បុព្វបុរសរបស់យើងបានទទួលព្រះពន្លា-តៗគ្នា ហើយសែងចូលទៅក្នុងទឹកដីដែលរឹបយកពីជាតិសាសន៍នានា ក្រោមការដឹកនាំរបស់លោកយ៉ូស្វេ គឺជាជាតិសាសន៍ដែលព្រះជាម្ចាស់បានដេញចេញពីមុខពួកគេ។ ព្រះពន្លានេះនៅគង់វង្សរហូតដល់ជំនាន់ព្រះបាទដាវីឌ។