កិច្ចការ 7:8-14 KHSV

8 បន្ទាប់​មក ព្រះ‌ជាម្ចាស់​បាន​ប្រោស​ប្រទាន​សម្ពន្ធ‌មេត្រី*​ឲ្យ​លោក​អប្រាហាំ ដោយ​យក​ពិធី​កាត់​ស្បែក*​ធ្វើ​ជា​សញ្ញា។ ហេតុ​នេះ​ហើយ​បាន​ជា​លោក​អ៊ីសាក​កើត​បាន​ប្រាំ​បី​ថ្ងៃ លោក​អប្រាហាំ ជា​ឪពុក បាន​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យ។ លោក​អ៊ីសាក​ក៏​បាន​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យ​លោក​យ៉ាកុប ហើយ​លោក​យ៉ាកុប​ក៏​បាន​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យ​បុព្វបុរស*​ទាំង​ដប់‌ពីរ​រូប​ដែរ។

9 ពួក​បុព្វបុរស​មាន​ចិត្ត​ច្រណែន‌ឈ្នានីស​នឹង​លោក​យ៉ូសែប ក៏​លក់​លោក​ឲ្យ​គេ​នាំ​យក​ទៅ​ធ្វើ​ជា​ខ្ញុំ​បម្រើ​នៅ​ស្រុក​អេស៊ីប។

10 ប៉ុន្តែ ព្រះ‌ជាម្ចាស់​គង់​ជា​មួយ​លោក ព្រះ‌អង្គ​បាន​រំដោះ​លោក​ឲ្យ​រួច​ផុត​ពី​ទុក្ខ​វេទនា​ទាំង​ប៉ុន្មាន។ ព្រះ‌អង្គ​ប្រទាន​ឲ្យ​លោក​មាន​ប្រាជ្ញា​វាង‌វៃ និង​គាប់​ព្រះ‌ហឫទ័យ​ព្រះចៅ​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប។ ព្រះចៅ​ផារ៉ោន​បាន​តែង‌តាំង​លោក​ឲ្យ​គ្រប់‌គ្រង​ស្រុក​អេស៊ីប និង​ត្រួត‌ត្រា​ព្រះ‌រាជ​វាំង​ទាំង​មូល​ផង។

11 ពេល​នោះ មាន​កើត​ទុរ្ភិក្ស​ពេញ​ទាំង​ស្រុក​អេស៊ីប និង​ស្រុក​កាណាន បណ្ដាល​ឲ្យ​មាន​ទុក្ខ​វេទនា​ជា​ខ្លាំង បុព្វបុរស​របស់​យើង​រក​អ្វី​បរិភោគ​ពុំ​បាន​ឡើយ។

12 ពេល​លោក​យ៉ាកុប​ឮ​ដំណឹង​ថា​នៅ​ស្រុក​អេស៊ីប​មាន​ស្រូវ លោក​ក៏​ចាត់​ពួក​បុព្វបុរស​របស់​យើង ឲ្យ​ទៅ​ស្រុក​នោះ​ជា​លើក​ទី​មួយ។

13 នៅ​លើក​ទី​ពីរ លោក​យ៉ូសែប​បាន​ប្រាប់​ឲ្យ​បង‌ប្អូន​របស់​លោក​ស្គាល់​លោក ហើយ​ព្រះចៅ​ផារ៉ោន​ក៏​បាន​ជ្រាប​អំពី​ដើម​កំណើត​របស់​លោក​យ៉ូសែប​ដែរ។

14 បន្ទាប់​មក លោក​យ៉ូសែប​បាន​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​លោក​យ៉ាកុប ជា​ឪពុក និង​ញាតិ‌សន្ដាន​ទាំង​អស់ ដែល​មាន​គ្នា​ចិត‌សិប​ប្រាំ​នាក់​នោះ​មក។