10 ប្រជាជនទាំងតូចទាំងធំពេញចិត្តនឹងគាត់គ្រប់ៗគ្នា គេពោលថា៖ «លោកនេះហើយជាឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដែលជាឫទ្ធានុភាពដ៏ឧត្តុង្គឧត្ដម»។
11 ប្រជាជនពេញចិត្តនឹងគាត់ដូច្នេះ ព្រោះគាត់បានសម្តែងមន្តអាគមឲ្យគេស្ងើចសរសើរអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
12 កាលគេជឿដំណឹងល្អ*អំពីព្រះរាជ្យ*របស់ព្រះជាម្ចាស់ និងអំពីព្រះនាមព្រះយេស៊ូគ្រិស្ដ* ដែលលោកភីលីពប្រកាសប្រាប់ គេក៏ទទួលពិធីជ្រមុជទឹក* ទាំងប្រុស ទាំងស្រី។
13 លោកស៊ីម៉ូនផ្ទាល់ក៏បានជឿដែរ ថែមទាំងបានទទួលពិធីជ្រមុជទឹកទៀតផង ហើយគាត់នៅជាប់នឹងលោកភីលីពជានិច្ច។ កាលគាត់បានឃើញទីសម្គាល់ និងការអស្ចារ្យដ៏ធំៗដែលកើតមាននៅពេលនោះ គាត់ក៏ស្ងើចសរសើរយ៉ាងខ្លាំង។
14 ក្រុមសាវ័ក*នៅក្រុងយេរូសាឡឹមបានឮដំណឹងថា អ្នកស្រុកសាម៉ារីនាំគ្នាទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក៏ចាត់លោកពេត្រុស និងលោកយ៉ូហាន ឲ្យទៅជួបអ្នកទាំងនោះ។
15 លុះទៅដល់ស្រុកសាម៉ារី សាវ័ក*ទាំងពីរក៏ទូលអង្វរព្រះជាម្ចាស់ សុំឲ្យពួកអ្នកជឿបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធ*
16 ដ្បិតព្រះវិញ្ញាណពុំទាន់យាងចុះមកសណ្ឋិតលើអ្នកណាម្នាក់ ក្នុងចំណោមពួកគេនៅឡើយទេ គឺគេគ្រាន់តែបានទទួលពិធីជ្រមុជទឹក ក្នុងព្រះនាមព្រះអម្ចាស់យេស៊ូប៉ុណ្ណោះ។