កិច្ចការ 8:20-26 KHSV

20 លោក​ពេត្រុស​តប​ទៅ​គាត់​វិញ​ថា៖ «ចូរ​ឲ្យ​ប្រាក់​របស់​អ្នក​វិនាស​អន្តរាយ​ជា​មួយ​អ្នក​ទៅ អ្នក​នឹក​ស្មាន​ថា អាច​យក​ប្រាក់​មក​ទិញ​ព្រះ​អំណោយ​ទាន​របស់​ព្រះ‌ជាម្ចាស់​បាន!

21 អ្នក​គ្មាន​ចំណែក គ្មាន​សិទ្ធិ​អ្វី​ក្នុង​កិច្ចការ​នេះ​ឡើយ ដ្បិត​ចិត្ត​របស់​អ្នក​មិន​ទៀង​ត្រង់​ចំពោះ​ព្រះ‌ជាម្ចាស់​ទាល់​តែ​សោះ។

22 ចូរ​លះ‌បង់​ចិត្ត​គំនិត​អាក្រក់​ចោល​ទៅ ហើយ​ទូល‌អង្វរ​ព្រះ‌អម្ចាស់ ក្រែង​លោ​ព្រះ‌អង្គ​លើក‌លែង​ទោស​ឲ្យ​អ្នក​ដែល​មាន​ចិត្ត​បែប​នេះ

23 ដ្បិត​ខ្ញុំ​ឃើញ​ថា​អ្នក​មាន​ចិត្ត​ខ្មៅ ហើយ​ក៏​នៅ​ជាប់​ចំណង​អំពើ​ទុច្ចរិត​ដែរ»។

24 លោក​ស៊ីម៉ូន​តប​ទៅ​វិញ​ថា៖ «សូម​លោក​ទូល‌អង្វរ​ព្រះ‌អម្ចាស់​ឲ្យ​ខ្ញុំ​ផង ដើម្បី​កុំ​ឲ្យ​មាន​ហេតុ​អាក្រក់​ណា​មួយ​កើត​ឡើង​ចំពោះ​រូប​ខ្ញុំ ដូច​លោក​មាន​ប្រសាសន៍​នោះ​ឡើយ»។

25 ក្រោយ​ពី​បាន​ផ្ដល់​សក្ខីភាព និង​ប្រកាស​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​រួច​ហើយ សាវ័ក​ទាំង​ពីរ​រូប​ក៏​វិល​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡឹម​វិញ ទាំង​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ​ក្នុង​ភូមិ​ជា​ច្រើន នៅ​ស្រុក​សាម៉ារី​ផង។

26 ទេវតា*​របស់​ព្រះ‌អម្ចាស់​ពោល​មក​កាន់​លោក​ភីលីព​ថា៖ «សូម​ក្រោក​ឡើង ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ទិស​ខាង​ត្បូង តាម​ផ្លូវ​ចុះ​ពី​ក្រុង​យេរូ‌សាឡឹម​ទៅ​ក្រុង​កាសា​ជា​ផ្លូវ​ស្ងាត់​នោះ​ទៅ»។ លោក​ភីលីព​ក៏​ក្រោក​ឡើង​ចេញ​ដំណើរ​ទៅ។