កិច្ចការ 8:27-33 KHSV

27 នៅ​តាម​ផ្លូវ មាន​ជន‌ជាតិ​អេត្យូ‌ពី​មួយ​រូប ជា​មនុស្ស​កម្រៀវ* លោក​ជា​មន្ត្រី​ជាន់​ខ្ពស់​របស់​មហា‌ក្សត្រិ‌យានី​កាន‌ដេស ដែល​គ្រង​រាជ្យ​នៅ​ស្រុក​អេត្យូ‌ពី ហើយ​លោក​ជា​អ្នក​កាន់​កាប់​ព្រះ‌រាជ‌ទ្រព្យ​ទាំង​ប៉ុន្មាន។ លោក​បាន​មក​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់​នៅ​ក្រុង​យេរូ‌សាឡឹម

28 ហើយ​ធ្វើ​ដំណើរ​វិល​ត្រឡប់​ទៅ​វិញ ដោយ​ជិះ​រទេះ​សេះ ទាំង​អាន​គម្ពីរ​ព្យាការី*​អេសាយ​ផង។

29 ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​មក​លោក​ភីលីព​ថា៖ «ចូរ​ទៅ​មុខ រួច​ចូល​ទៅ​ជិត​រទេះ​សេះ​នោះ​ទៅ»។

30 លោក​ភីលីព​ក៏​រត់​ទៅ​មុខ ហើយ​ឮ​មន្ត្រី​អេត្យូ‌ពី​អាន​គម្ពីរ​ព្យាការី​អេសាយ លោក​ភីលីព​សួរ​មន្ត្រី​នោះ​ថា៖ «តើ​លោក​យល់​សេចក្ដី​ដែល​លោក​កំពុង​តែ​អាន​នេះ​ឬ​ទេ?»។

31 លោក​មន្ត្រី​តប​មក​វិញ​ថា៖ «ធ្វើ​ម្ដេច​ឲ្យ​ខ្ញុំ​យល់​បាន បើ​គ្មាន​នរណា​ពន្យល់​ណែ‌នាំ​សោះ​នោះ!»។ លោក​ក៏​អញ្ជើញ​លោក​ភីលីព​ឡើង​ជិះ​រទេះ​សេះ​ជា​មួយ។

32 រីឯ​អត្ថ‌បទ​គម្ពីរ​ដែល​លោក​កំពុង​អាន​នោះ​គឺ៖ “លោក​ត្រូវ​គេ​នាំ​យក​ទៅ​ដូច​ជា​ចៀម ដែល​គេ​នាំ​ទៅ​សម្លាប់ លោក​ពុំ​បាន​ហើប​មាត់​ទាល់​តែ​សោះ គឺ​ប្រៀប​ដូច​ជា​កូន​ចៀម​ដែល​ស្ងៀម​ស្ងាត់ នៅ​មុខ​អ្នក​កាត់​រោម។

33 លោក​ត្រូវ​គេ​បន្ទាប​បន្ថោក ហើយ​គេ​មិន​រក​យុត្តិធម៌​ជូន​លោក​ឡើយ។ គ្មាន​នរណា​អាច​តំណាល​អំពី​ពូជ‌ពង្ស របស់​លោក​បាន​ទេ ព្រោះ​គេ​បាន​ដក​ជីវិត​របស់​លោក ចេញ​ពី​ផែន‌ដី​នេះ​បាត់​ទៅ​ហើយ” ។