កិច្ចការ 8:35-40 KHSV

35 លោក​ភីលីព​ក៏​ជម្រាប​ជូន​ដំណឹង‌ល្អ​អំពី​ព្រះ‌យេស៊ូ​ប្រាប់​លោក ដោយ​ចាប់​ផ្ដើម​ពី​អត្ថ‌បទ​គម្ពីរ​នោះ​ទៅ។

36 លោក​ទាំង​ពីរ​ចេះ​តែ​បន្ត​ដំណើរ​ទៅ​មុខ។ លុះ​ដល់​កន្លែង​មួយ​មាន​ទឹក លោក​មន្ត្រី​មាន​ប្រសាសន៍​ថា៖ «ទី​នេះ​មាន​ទឹក តើ​មាន​អ្វី​ឃាត់​ខ្ញុំ មិន​ឲ្យ​ទទួល​ពិធី​ជ្រមុជ​ទឹក!»។

37 លោក​ភីលីព​មាន​ប្រសាសន៍​ទៅ​លោក​មន្ត្រី​ថា៖ «បើ​លោក​ជឿ​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត​នោះ លោក​អាច​ទទួល​ពិធី​ជ្រមុជ​ទឹក​បាន»។ លោក​មន្ត្រី​ឆ្លើយ​វិញ​ថា៖ «ខ្ញុំ​ជឿ​ហើយ​ថា ព្រះ‌យេស៊ូ‌គ្រិស្ដ​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់»។

38 លោក​បញ្ជា​ឲ្យ​គេ​បញ្ឈប់​រទេះ​សេះ។ លោក​មន្ត្រី និង​លោក​ភីលីព​ចុះ​ទៅ​ក្នុង​ទឹក​ទាំង​ពីរ​នាក់ ហើយ​លោក​ភីលីព​ក៏​ជ្រមុជ​ទឹក​ជូន​មន្ត្រី​នោះ។

39 កាល​លោក​ទាំង​ពីរ​ឡើង​ពី​ទឹក​មក​វិញ ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់​បាន​លើក​លោក​ភីលីព​យក​ចេញ​បាត់​ទៅ លោក​មន្ត្រី​លែង​ឃើញ​លោក​ភីលីព​ទៀត​ហើយ។ លោក​មន្ត្រី​បន្ត​ដំណើរ​ទៅ​មុខ​ដោយ​ចិត្ត​ត្រេក​អរ​សប្បាយ។

40 រីឯ​លោក​ភីលីព គេ​បែរ​ជា​ឃើញ​លោក​នៅ​ឯ​ក្រុង​អាសូត​ឯ‌ណោះ។បន្ទាប់​មក លោក​ធ្វើ​ដំណើរ​ពី​ក្រុង​មួយ​ទៅ​ក្រុង​មួយ​ទាំង​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ* រហូត​ទៅ​ដល់​ក្រុង​សេសារា។