16 ខ្ញុំនឹងបង្ហាញប្រាប់គាត់ឲ្យដឹងថា គាត់ត្រូវរងទុក្ខលំបាកជាច្រើន ព្រោះតែឈ្មោះរបស់ខ្ញុំ»។
17 លោកអាណាណាសក៏ចេញទៅ។ លុះទៅដល់ផ្ទះនោះហើយ គាត់ដាក់ដៃលើលោកសូល ហើយមានប្រសាសន៍ថា៖ «បងសូលអើយ! ព្រះអម្ចាស់យេស៊ូដែលបងបានឃើញ នៅតាមផ្លូវបងធ្វើដំណើរមកនោះ ទ្រង់បានចាត់ខ្ញុំមក ដើម្បីឲ្យបងអាចមើលឃើញឡើងវិញ និងឲ្យបងបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ*»។
18 រំពេចនោះ មានអ្វីមួយដូចស្រកាត្រី ជ្រុះពីភ្នែកលោកសូល លោកក៏មើលឃើញឡើងវិញ លោកក្រោកឡើងទទួលពិធីជ្រមុជទឹក*។
19 បន្ទាប់មក លោកបរិភោគម្ហូបអាហារ ហើយមានកម្លាំងឡើងវិញ។លោកស្នាក់នៅជាមួយពួកសិស្ស ដែលនៅក្រុងដាម៉ាស បួនដប់ថ្ងៃ។
20 លោកចាប់ផ្ដើមប្រកាសនៅក្នុងសាលាប្រជុំ*នានាភ្លាមថា ព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់។
21 អស់អ្នកដែលបានឮលោកមានប្រសាសន៍ ងឿងឆ្ងល់ណាស់ គេពោលថា៖ «លោកនេះហើយដែលបានធ្វើទុក្ខបៀតបៀនអស់អ្នកដែលអង្វររកឈ្មោះយេស៊ូ នៅក្រុងយេរូសាឡឹម គាត់មកទីនេះ រកចាប់ចងគេនាំទៅជូនពួកមហាបូជាចារ្យ*ទេតើ!»។
22 រីឯលោកសូលវិញ លោកមានកម្លាំងចិត្តកាន់តែខ្លាំងឡើងៗ ហើយលោកវែកញែកប្រាប់សាសន៍យូដា នៅក្រុងដាម៉ាសយ៉ាងច្បាស់លាស់ថា ព្រះយេស៊ូពិតជាព្រះគ្រិស្ដ*។