24 តែលោកបានជ្រាបគម្រោងការរបស់គេ។ ពួកគេបាននាំគ្នាទៅចាំនៅទ្វារក្រុងទាំងយប់ទាំងថ្ងៃ ដើម្បីសម្លាប់លោក។
25 ប៉ុន្តែ នៅពេលយប់ ពួកសិស្សរបស់លោកបានដាក់លោកក្នុងជាលមួយ សម្រូតចុះទៅខាងក្រៅកំពែងក្រុង។
26 កាលលោកសូលមកដល់ក្រុងយេរូសាឡឹម លោកចង់ទៅចូលរួមក្នុងចំណោមពួកសិស្ស តែពួកគេខ្លាចលោកទាំងអស់គ្នា ព្រោះគេពុំជឿថាលោកជាសិស្សដែរនោះឡើយ។
27 ពេលនោះ លោកបារណាបាសបានទទួលលោក ហើយនាំទៅជួបក្រុមសាវ័ក* ទាំងរៀបរាប់អំពីលោកសូលបានឃើញព្រះអម្ចាស់នៅតាមផ្លូវ អំពីព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោក ហើយនឹងរៀបរាប់អំពីលោកសូលមានប្រសាសន៍ដោយចិត្តអង់អាចក្នុងព្រះនាមព្រះយេស៊ូ នៅក្រុងដាម៉ាសផងដែរ។
28 ចាប់តាំងពីពេលនោះមក លោកសូលតែងតែចុះឡើងនៅក្រុងយេរូសាឡឹមជាមួយ ក្រុមសាវ័កជានិច្ច ព្រមទាំងមានប្រសាសន៍ដោយចិត្តអង់អាចក្នុងព្រះនាមព្រះអម្ចាស់ថែមទៀតផង។
29 លោកបានសន្ទនា និងជជែកវែកញែកជាមួយសាសន៍យូដា ដែលនិយាយភាសាក្រិក តែពួកគេបែរជានាំគ្នាប៉ុនប៉ងសម្លាប់លោកទៅវិញ។
30 កាលពួកបងប្អូនបានជ្រាបដំណឹងនេះ គេនាំលោកទៅក្រុងសេសារា ហើយបន្ទាប់មក ឲ្យលោកទៅក្រុងតើសុស។