២ កូរិន‌ថូស 11:6-12 KHSV

6 ថ្វី‌ដ្បិត​តែ​ខ្ញុំ​មិន​សូវ​មាន​វោហារ​ក៏​ដោយ ផ្នែក​ខាង​ចំណេះ ខ្ញុំ​ក៏​មិន​អន់​ដែរ ដូច​យើង​ធ្លាប់​បាន​បង្ហាញ​ឲ្យ​បង‌ប្អូន​ឃើញ​ក្នុង​គ្រប់​វិស័យ និង​គ្រប់​ពេល​វេលា​ស្រាប់​ហើយ។

7 ពេល​ខ្ញុំ​ប្រកាស​ដំណឹង‌ល្អ*​របស់​ព្រះ‌ជាម្ចាស់ ប្រាប់​បង‌ប្អូន​ដោយ​ឥត​គិត​ថ្លៃ​នោះ ខ្ញុំ​បាន​បន្ទាប​ខ្លួន ដើម្បី​ឲ្យ​បង‌ប្អូន​បាន​ថ្កើង​ឡើង។ តើ​ខ្ញុំ​ធ្វើ​ដូច្នេះ បាន​សេចក្ដី​ថា​ខ្ញុំ​ធ្វើ​ខុស​ឬ?

8 ខ្ញុំ​បាន​ទទួល​ប្រាក់​ពី​ក្រុម‌ជំនុំ*​ឯ​ទៀតៗ ធ្វើ​ឲ្យ​គេ​ខ្វះ‌ខាត​ខ្លះៗ ដើម្បី​បម្រើ​បង‌ប្អូន។

9 ពេល​ខ្ញុំ​នៅ​ជា​មួយ​បង‌ប្អូន បើ​ខ្ញុំ​ខ្វះ​ខាត​អ្វីៗ ខ្ញុំ​ពុំ​បាន​ធ្វើ​ជា​បន្ទុក​ដល់​នរណា​ម្នាក់​ឡើយ ដ្បិត​បង‌ប្អូន​មក​ពី​ស្រុក​ម៉ាសេ‌ដូន​បាន​ជួយ​ផ្គត់‌ផ្គង់​នូវ​អ្វីៗ ដែល​ខ្ញុំ​ត្រូវ​ការ។ ក្នុង​គ្រប់​កិច្ចការ ខ្ញុំ​បាន​ចៀស‌វាង​កុំ​ឲ្យ​ខ្លួន​ខ្ញុំ​ទៅ​ជា​បន្ទុក​ដល់​បង‌ប្អូន ហើយ​ខ្ញុំ​នឹង​ចៀស‌វាង​ត​ទៅ​មុខ​ទៀត។

10 ខ្ញុំ​សូម​បញ្ជាក់​ដោយ​មាន​សេចក្ដី​ពិត​របស់​ព្រះ‌គ្រិស្ដ​នៅ​ក្នុង​ខ្លួន​ថា ក្នុង​ស្រុក​អាខៃ​ទាំង​មូល គ្មាន​នរណា​អាច​បង្អាប់​កិត្តិយស​ខ្ញុំ​ត្រង់​ចំណុច​នេះ​បាន​ឡើយ។

11 ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ធ្វើ​ដូច្នេះ? តើ​មក​ពី​ខ្ញុំ​មិន​ស្រឡាញ់​បង‌ប្អូន​ឬ? ទេ! ព្រះ‌ជាម្ចាស់​ជ្រាប​ស្រាប់​ហើយ​ថា ខ្ញុំ​ស្រឡាញ់​បង‌ប្អូន។

12 ការ​ដែល​ខ្ញុំ​ធ្វើ​នេះ ខ្ញុំ​នឹង​ធ្វើ​ត​ទៅ​មុខ​ទៀត ដើម្បី​កុំ​ឲ្យ​អស់​អ្នក​ដែល​ចង់​រក​លេស​នឹង​អួត​ខ្លួន ដោយ​ពោល​ថា គេ​ធ្វើ​ការ​ដូច​យើង​ដែរ​នោះ អាច​រក​លេស​បាន​សោះ​ឡើយ។