សាស្តា 2:15-21 KHOV

15 រួច​យើង​បាន​នឹក​ក្នុង​ចិត្ត​ថា ការ​ដែល​កើត​ដល់​មនុស្ស​ល្ងី‌ល្ងើ នោះ​នឹង​កើត​ដល់​យើង​ដូច​គ្នា​ដែរ ដូច្នេះ ហេតុ​អ្វី​បាន​ជា​យើង​មាន​ប្រាជ្ញា​លើស​ជាង​គេ រួច​យើង​បាន​សំរេច​ក្នុង​ចិត្ត​ថា នេះ​ក៏​ឥត​មាន​ទំនង​ដែរ

16 ពី​ព្រោះ​អ្នក​មាន​ប្រាជ្ញា ក៏​ដូច​គ្នា​នឹង​អ្នក​ល្ងី‌ល្ងើ​ដែរ គ្មាន​អ្នក​ណា​នឹក​ចាំ​ពី​១​លើស​ជាង​១​ជា​ដរាប​ទេ ដោយ​ព្រោះ​យល់​ឃើញ​ថា នៅ​គ្រា​ជាន់​ក្រោយ​មនុស្ស​នឹង​បាន​ភ្លេច​គេ​ជា​យូរ​លង់​មក​ហើយ ដូច្នេះ មនុស្ស​មាន​ប្រាជ្ញា​គេ​មរណៈ​ជា​យ៉ាង​ណា គឺ​ដូច​ជា​មនុស្ស​ល្ងី‌ល្ងើ​ដែរ

17 ហេតុ​នោះ​យើង​បាន​ស្អប់​ជីវិត ពី​ព្រោះ​ការ​ដែល​បាន​ធ្វើ​នៅ​ក្រោម​ថ្ងៃ ជា​ការ​លំបាក​ដល់​យើង ដ្បិត​ការ​ទាំង​អស់​សុទ្ធ​តែ​ឥត​ប្រយោជន៍ ហើយ​ជា​អសារ​ឥត​ការ​ទទេ។

18 យើង​បាន​ស្អប់​បណ្តា‌ការ​នឿយ​ហត់​ទាំង​ប៉ុន្មាន ដែល​យើង​បាន​ខំ​ធ្វើ​នៅ​ក្រោម​ថ្ងៃ ដោយ​យល់​ឃើញ​ថា​យើង​ត្រូវ​ទុក​ទាំង​អស់ ឲ្យ​ដល់​មនុស្ស​ដែល​បន្ត​ក្រោយ​យើង

19 ហើយ​តើ​មាន​អ្នក​ណា​ដឹង​ពី​អ្នក​នោះ ថា​នឹង​ត្រឡប់​ជា​មនុស្ស​មាន​ប្រាជ្ញា ឬ​ជា​មនុស្ស​ល្ងី‌ល្ងើ​វិញ ប៉ុន្តែ​អ្នក​នោះ​នឹង​គ្រប់‌គ្រង​លើ​អស់​ទាំង​ការ​ដែល​យើង​បាន​ខំ​ធ្វើ ជា​ការ​ដែល​បាន​ធ្វើ ដើម្បី​សំដែង​ខ្លួន​ជា​អ្នក​មាន​ប្រាជ្ញា​នៅ​ក្រោម​ថ្ងៃ នេះ​ក៏​ឥត​មាន​ទំនង​ដែរ

20 ដោយ​ហេតុ​នោះ​យើង​បាន​វិល​មក​បណ្តាល​ឲ្យ​ចិត្ត​លែង​សង្ឃឹម​ចំពោះ​ការ​ទាំង​ប៉ុន្មាន ដែល​យើង​បាន​ខំ​ធ្វើ​នៅ​ក្រោម​ថ្ងៃ​ទៅ

21 ដ្បិត​មាន​មនុស្ស​ដែល​ការ​ខ្លួន​ធ្វើ​ទាំង​ប៉ុន្មាន សុទ្ធ​តែ​ធ្វើ​ដោយ​ប្រាជ្ញា ដោយ​ដំរិះ ហើយ​ដោយ​ស្ទាត់​ជំនាញ តែ​អ្នក​នោះ​ត្រូវ​ប្រគល់​ការ​ខ្លួន ទុក​ជា​ចំណែក​ដល់​ម្នាក់​ទៀត ដែល​មិន​បាន​ខំ​ធ្វើ​ឡើយ​នោះ​វិញ នេះ​ជា​ការ​ឥត​មាន​ទំនង ហើយ​ក៏​អាក្រក់​ណាស់​ផង