20 ដោយហេតុនោះយើងបានវិលមកបណ្តាលឲ្យចិត្តលែងសង្ឃឹមចំពោះការទាំងប៉ុន្មាន ដែលយើងបានខំធ្វើនៅក្រោមថ្ងៃទៅ
21 ដ្បិតមានមនុស្សដែលការខ្លួនធ្វើទាំងប៉ុន្មាន សុទ្ធតែធ្វើដោយប្រាជ្ញា ដោយដំរិះ ហើយដោយស្ទាត់ជំនាញ តែអ្នកនោះត្រូវប្រគល់ការខ្លួន ទុកជាចំណែកដល់ម្នាក់ទៀត ដែលមិនបានខំធ្វើឡើយនោះវិញ នេះជាការឥតមានទំនង ហើយក៏អាក្រក់ណាស់ផង
22 ដ្បិតក្នុងអស់ទាំងការដែលមនុស្សធ្វើ និងសេចក្ដីដែលចិត្តខំបង្កើត គឺជាការនឿយហត់ដែលខ្លួនខំធ្វើនៅក្រោមថ្ងៃ នោះតើមានផលអ្វីខ្លះ
23 ពីព្រោះអស់ទាំងថ្ងៃនៃអ្នកនោះមានសុទ្ធតែសេចក្ដីទុក្ខព្រួយ ហើយកិច្ចធុរៈរបស់គេសុទ្ធតែលំបាកទទេ អើ ទោះទាំងពេលយប់ ចិត្តអ្នកនោះក៏មិនសំរាកដែរ នេះជាការឥតមានទំនងដែរ។
24 គ្មានអ្វីវិសេសដល់មនុស្សជាជាងការស៊ី ហើយផឹកទេ ព្រមទាំងឲ្យចិត្តបានរីករាយសប្បាយ ដោយផលនៃការដែលខ្លួនបានធ្វើផង យើងក៏បានឃើញដែរថា ការនេះមកពីព្រះហស្តនៃព្រះទេ
25 ដ្បិតតើមានអ្នកណាអាចនឹងបរិភោគ ឬនឹងមានសេចក្ដីអំណរជាជាងយើងនេះ
26 ពីព្រោះមនុស្សណាដែលគាប់ព្រះហឫទ័យ នោះទ្រង់ប្រទានឲ្យអ្នកនោះមានប្រាជ្ញា ដំរិះ និងសេចក្ដីរីករាយផង តែឯមនុស្សបាបវិញ ទ្រង់ប្រទានឲ្យមានធុរៈ គឺឲ្យបានប្រមូល ហើយបង្គរឡើង ទុកសំរាប់ប្រគល់ដល់អ្នកដែលគាប់ព្រះហឫទ័យនៃព្រះវិញ នេះក៏ជាការឥតមានទំនង ហើយជាអសារឥតការទទេដែរ។