9 យ៉ាងនោះយើងបានជាធំ ហើយក៏ចំរើនឡើង លើសជាងអស់អ្នកដែលនៅក្រុងយេរូសាឡិមមុនយើងទៅទៀត តែប្រាជ្ញារបស់យើងក៏នៅជាប់នឹងយើងដែរ
10 ហើយរបស់អ្វីដែលភ្នែកចង់បាន នោះយើងមិនបានបង្អត់ឲ្យឡើយ យើងមិនបានហាមឃាត់ចិត្ត មិនឲ្យមានសេចក្ដីអំណរណាមួយទេ ដ្បិតចិត្តយើងបានរីករាយនឹងបណ្តាការ ដែលយើងធ្វើទាំងនោះ ហើយនោះឯងជាផលដែលកើតពីអស់ទាំងការរបស់យើង
11 គ្រានោះ យើងបានត្រួតមើលគ្រប់ទាំងការដែលដៃយើងបានធ្វើ និងការនឿយហត់ដែលយើងបានខំបង្កើតនោះ ហើយមើល សុទ្ធតែឥតប្រយោជន៍ ហើយអសារឥតការទទេ ឥតមានផលប្រយោជន៍អ្វីនៅក្រោមថ្ងៃឡើយ។
12 រួចយើងក៏បែរទៅពិចារណាមើលប្រាជ្ញា ព្រមទាំងសេចក្ដីចំកួត និងសេចក្ដីផ្តេសផ្តាស ដ្បិតតើអ្នកដែលតពីស្តេចនឹងធ្វើអ្វីបាន គឺនឹងធ្វើបានតែការដែលបានធ្វើជាយូរអង្វែងមកហើយ
13 នោះយើងឃើញពិតថា ប្រាជ្ញារមែងវិសេសជាងសេចក្ដីផ្តេសផ្តាស ដូចជាពន្លឺ ក៏វិសេសជាងងងឹតដែរ
14 ឯភ្នែករបស់មនុស្សមានប្រាជ្ញានោះនៅត្រង់ក្បាលគេ តែមនុស្សល្ងីល្ងើ គេរមែងដើរក្នុងសេចក្ដីងងឹតវិញ ប៉ុន្តែយើងយល់ឃើញថា មានការតែមួយទេ ដែលកើតដល់គ្រប់គ្នា
15 រួចយើងបាននឹកក្នុងចិត្តថា ការដែលកើតដល់មនុស្សល្ងីល្ងើ នោះនឹងកើតដល់យើងដូចគ្នាដែរ ដូច្នេះ ហេតុអ្វីបានជាយើងមានប្រាជ្ញាលើសជាងគេ រួចយើងបានសំរេចក្នុងចិត្តថា នេះក៏ឥតមានទំនងដែរ