សាស្តា 3:12-18 KHOV

12 យើង​ដឹង​ហើយ ថា​គ្មាន​អ្វី​សំរាប់​គេ ដែល​វិសេស​ជាង​មាន​ចិត្ត​រីក‌រាយ ហើយ​រក​បាន​សេចក្ដី​ល្អ​ដល់​ខ្លួន អស់​វេលា​ដែល​មាន​ជីវិត​រស់​នៅ​នោះ​ទេ

13 ហើយ​ការ​ដែល​គ្រប់​មនុស្ស​បាន​ស៊ី ហើយ​ផឹក ព្រម​ទាំង​រីក‌រាយ​ដោយ​ផល​ល្អ ដែល​កើត​ពី​អស់​ទាំង​ការ​នឿយ​ហត់​របស់​ខ្លួន នោះ​ហើយ​ជា​អំណោយ​ទាន​នៃ​ព្រះ​ទេ

14 យើង​ក៏​ដឹង​ដែរ ថា​ការ​អ្វី​ដែល​ព្រះ​ទ្រង់​ធ្វើ នោះ​នឹង​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប នឹង​បន្ថែម​អ្វី​ចូល ឬ​ដក​អ្វី​ចេញ​មិន​បាន​ឡើយ ១​ទៀត​ព្រះ​ទ្រង់​ធ្វើ​ការ​នោះ ដើម្បី​ឲ្យ​មនុស្ស​ទាំង‌ឡាយ​បាន​កោត‌ខ្លាច​នៅ​ចំពោះ​ទ្រង់

15 អ្វីៗ​ដែល​មាន​នៅ នោះ​បាន​មាន​ជា​យូរ‌អង្វែង​មក​ហើយ ឯ​អ្វីៗ​ដែល​ត្រូវ​មាន​ខាង​មុខ​ទៀត នោះ​ក៏​បាន​មាន​ជា​យូរ​មក​ហើយ​ដែរ ព្រះ​ទ្រង់​ស្វែង​រក​អ្វីៗ ដែល​កន្លង​បាត់​ហើយ​ឲ្យ​បាន​មក​វិញ។

16 ១​សោត​ទៀត យើង​បាន​ឃើញ​នៅ​ក្រោម​ថ្ងៃ​ថា នៅ​កន្លែង​វិនិច្ឆ័យ នោះ​មាន​សេចក្ដី​ទុច្ចរិត ហើយ​នៅ​កន្លែង​នៃ​សេចក្ដី​សុចរិត នោះ​មាន​សេចក្ដី​អយុត្តិ‌ធម៌​វិញ

17 យើង​ក៏​នឹក​ក្នុង​ចិត្ត​ថា ព្រះ​ទ្រង់​ជំនុំ‌ជំរះ​ទាំង​ពួក​អ្នក​សុចរិត និង​ទុច្ចរិត​ផង ដ្បិត​មាន​ពេល​សំរាប់​គ្រប់​ទាំង​បំណង​ដែល​ប៉ង​ធ្វើ និង​បណ្តា‌ការ​ទាំង​ពួង​ផង

18 យើង​បាន​នឹក​ក្នុង​ចិត្ត​ពី​មនុស្ស​ជាតិ​ថា នេះ​គឺ​ដោយ​ព្រោះ​ព្រះ​ទ្រង់​ចង់​ល្បង​ល​នឹង​គេ ហើយ​ឲ្យ​គេ​យល់​ឃើញ​ថា ខ្លួន​គេ​ជា​សត្វ​តិរច្ឆាន​ទេ