សាស្តា 3:2-8 KHOV

2 មាន​ពេល​សំរាប់​កើត​មក និង​ពេល​សំរាប់​ស្លាប់​ទៅ មាន​ពេល​សំរាប់​ដាំ និង​ពេល​ដក​របស់​ដែល​បាន​ដាំ​នោះ

3 មាន​ពេល​សំរាប់​សំឡាប់ ហើយ​ពេល​សំរាប់​មើល​ឲ្យ​ជា មាន​ពេល​សំរាប់​រំលំ​រំលាយ ហើយ​ពេល​សង់​ឡើង

4 មាន​ពេល​យំ និង​ពេល​សើច មាន​ពេល​សំរាប់​សោយ‌សោក និង​ពេល​សំរាប់​លោត‌កញ្ឆេង

5 មាន​ពេល​សំរាប់​បោះ​ថ្ម​ចោល និង​ពេល​ប្រមូល​ថ្ម​មក មាន​ពេល​ដែល​គួរ​ឱប​ថើប និង​ពេល​ដែល​គួរ​លែង​ឱប​ថើប

6 មាន​ពេល​សំរាប់​ស្វែង​រក ហើយ​ពេល​សំរាប់​បាត់‌បង់​ទៅ មាន​ពេល​សំរាប់​រក្សា​ទុក ហើយ​ពេល​សំរាប់​បោះ‌បង់​ចោល

7 មាន​ពេល​សំរាប់​ហែក​ចោល ហើយ​ពេល​សំរាប់​ដេរ​ភ្ជាប់ មាន​ពេល​ដែល​គួរ​នៅ​ស្ងៀម ហើយ​ពេល​សំរាប់​និយាយ

8 មាន​ពេល​សំរាប់​ស្រឡាញ់ ហើយ​ពេល​សំរាប់​ស្អប់ មាន​ពេល​សំរាប់​ចំបាំង ហើយ​ពេល​សំរាប់​សេចក្ដី​សុខ