11 កាលណារបស់ទ្រព្យបានចំរើនឡើង នោះពួកអ្នកដែលស៊ីទ្រព្យនោះ ក៏មានគ្នាច្រើនឡើងដែរ ដូច្នេះ តើមានប្រយោជន៍អ្វីដល់ម្ចាស់នៃទ្រព្យសម្បត្តិនោះ លើកតែបានឃើញដោយភ្នែកប៉ុណ្ណោះ
12 ឯការដេកលក់នៃមនុស្សដែលធ្វើការនឿយហត់ នោះស្រួលឆ្ងាញ់ ទោះបើបានបរិភោគតិចឬច្រើនក្តី ប៉ុន្តែការបរិភោគហួសប្រមាណរបស់អ្នកមាន នោះមិនឲ្យគេដេកលក់បានទេ។
13 មានការអាក្រក់យ៉ាងធ្ងន់១មុខ ដែលយើងបានឃើញនៅក្រោមថ្ងៃ គឺមានទ្រព្យសម្បត្តិដែលម្ចាស់រក្សាទុកដរាបដល់កើតអន្តរាយដល់ខ្លួន
14 ហើយទ្រព្យសម្បត្តិនោះរមែងបាត់ទៅ ដោយគ្រោះអាក្រក់ណាមួយ បើអ្នកនោះបានបង្កើតកូនប្រុស១ នោះគ្មានសល់អ្វីនៅដៃវាទេ
15 អ្នកនោះសំរាលចេញពីផ្ទៃម្តាយមកយ៉ាងណា នោះក៏ត្រូវត្រឡប់ទៅវិញខ្លួនទទេ ដូចជាបានមកនោះដែរ ឥតយកអ្វីពីការនឿយហត់របស់ខ្លួនជាប់នៅដៃទៅជាមួយបានឡើយ
16 នេះក៏ជាការអាក្រក់យ៉ាងធ្ងន់ដែរ គឺដែលកើតមកយ៉ាងណា នោះត្រូវទៅវិញយ៉ាងនោះឯង ការដែលបានធ្វើដោយនឿយហត់ ជាអសារឥតការដូច្នេះ នោះតើមានប្រយោជន៍អ្វីដល់ខ្លួន
17 គ្រប់១ជីវិត នោះត្រូវរោយរៀវទៅក្នុងសេចក្ដីងងឹត ក៏កើតមានទុក្ខព្រួយច្រើន ព្រមទាំងមានជំងឺបៀតបៀន និងក្រហល់ក្រហាយចិត្តផង។